(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅប្រទេសសិង្ហបុរី ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារ ជាមួយលោក វីវៀន បាឡាក់គ្រីស្ហណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ដោយបានស្នើឱ្យសិង្ហបុរីទិញអង្ករ និងផលិតផលកសិកម្មដទៃទៀតពីកម្ពុជាឱ្យបានច្រើន។
នេះជាការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី២៩-៣១ ខែសីហា តាមការអញ្ជើញរបស់លោក វីវៀន បាឡាក់គ្រីស្ហណាន់ ដែលបានចេញផ្សាយនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានសម្តែងនូវក្តីសង្ឃឹមថា សិង្ហបុរីនឹងបង្កើនការនាំចូលនូវអង្ករ និងផលិតផលកសិកម្មដទៃទៀតពីកម្ពុជា ហើយនឹងពិចារណាឱ្យមានកិច្ចព្រមព្រៀងក្របខណ្ឌទ្វេភាគីស្តីពី សហប្រតិបត្តិការលើវិស័យការងារ»។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណសិង្ហបុរីដែលបន្តជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ពិសេសការកសាងធនធានមនុស្ស ដោយគ្របដណ្តប់លើការអភិវឌ្ឍសមត្ថភាពឌីជីថលផងដែរ។
សូមជម្រាបថា បើតាមរបាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានបញ្ជាក់ថា នៅរយៈពេល៧ខែ ចាប់ពីខែមករា-កក្កដា ឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិបានចំនួន ២៩៧,០៨០តោន ធ្លាក់ចុះ ៦.៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧ ដែលមានចំនួន ៣១៥,៩១៦តោន៕