(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះផ្សាយថា ខ្លួនទើបបានអនុម័តគ្រោងវិនិយោគថ្មីៗចំនួន៤ទៀត ដែលសរុបទុនវិនិយោគរហូតដល់ជិត៦០០លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជូនប្រជាពលរដ្ឋជាង២ម៉ឺនកន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះផ្សាយលើទំព័រ Facebook ផ្លូវការរបស់ខ្លួនថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន TING SHEN INDUSTRIAL CO.,LTD: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ ខ្សែភ្លើងអគ្គិសនីគ្រប់ប្រភេទ និងឧបករណ៍តចរន្ត មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៥.៩២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៤៨កន្លែង។
២៖ ក្រុមហ៊ុន GREEN LEADERS STARCH FOOD FIRST FACTORY CO.,LTD: គម្រោងបង្កើតរោងចក្រកែច្នៃកសិផលដំឡូងមី មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ២៩.៥៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧កន្លែង។
៣៖ ក្រុមហ៊ុន CHEAN CHHOENG THAI GROUP CO.,LTD. គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលមានទីតាំងវិនិយោគស្ថិត នៅកំពង់ផែស្វយ័តភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥៣១.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន២១,៦៨៤ន្លែង។
៤៖ ក្រុមហ៊ុន GGU (CAMBODIA) CLOTHING CO.,LTD.: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៨៥៩កន្លែង៕