(ភ្នំពេញ)៖ ប្រមុខដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា បច្ចុប្បន្ននេះនៅតាមតំបន់ជនបទមួយចំនួនក្នុងប្រទេសកម្ពុជា ហាក់កំពុងតែរីករាលដាលនូវ និងគំរាមកំហែងដោយបញ្ហាគ្រឿងញៀនជាបន្ដបន្ទាប់។
ឆ្លើយតបនឹងបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបានបង្កើនការយកចិត្តទុកដាក់ និងបង្ក្រាបនូវករណីនេះ ដើម្បីកុំឲ្យបន្ដការរីករាលដល់បន្ថែមទៀត ខណៈដែលមេក្លោងគ្រឿងញៀន ដែលនាំចូលពីប្រទេសជិតខាងមកកម្ពុជា ត្រូវបង្ក្រាប និងចាប់ខ្លួនបានជាបន្ដបន្ទាប់។
នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងវេទិកាអន្ដរសាសនាថ្នាក់ជាតិនៅកម្ពុជា លើកទី២ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «កន្លងទៅយើងបានបង្ក្រាបករណីគ្រឿងញៀននេះ តាមច្រកនានាដែលនាំចូលរាប់រយគីឡូក្រាម ប៉ុន្ដែយើងហាក់បីដូចជា មើលស្រាល ឬភាពចន្លោះប្រហោងរបស់យើងនៅខាងក្នុង [...] ដែលឥលូវនេះមានតំបន់ជនបទមួយចំនួនរាលដាល នេះជាហានិភ័យរបស់យើងថ្មីក្នុងប្រវត្តិសាស្ដ្រដែលមិនដែលមាន»។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កន្លងទៅសម្ដេចបានបញ្ជាទៅអភិបាលរាជ-ខេត្ត ជាពិសេសរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្ដសៀមរាប យកចិត្តទុកដាក់ដោះស្រាយ ឬបង្ក្រាបការចែកចាយគ្រឿងញៀននៅតាមរង្គសាល និងក្លឹបកំសាន្ដផ្សេងៗជាដើម។
ត្រង់ចំណុចនេះ សម្ដេចសង្កត់ធ្ងន់ថា សមត្ថកិច្ចបង្ក្រាបតែករណីចែកចាយគ្រឿង មិនមែនបង្ក្រាបកន្លែងកំសាន្ដទេ ប៉ុន្ដែបើម្ចាស់ទីតាំងអនុញ្ញាតឲ្យក្រុមជនសង្ស័យ ចែកចាយ ឬប្រើប្រាស់គ្រឿងញៀននោះ ម្ចាស់ទីតាំងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ដូច្នេះបញ្ហានេះមិនអាចបណ្ដែតបណ្ដោយបាននោះទេ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធត្រូវតែបង្ក្រាបឲ្យខាងតែបាន។
សូមរំលឹកថា ពាក់ព័ន្ធការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងក្លឹបកំសាន្ដនេះ គេសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ កម្លាំងនគរបាលខេត្តព្រះសីហនុ ហាក់កំពុងតែបើកប្រតិបត្តិដូចភ្លៀងរំលឹម ដោយបង្ក្រាបបានជាបន្ដបន្ទាប់ និងឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ផងដែរ ដែលបានប្រើប្រាស់គ្រឿងញៀននៅតាមកន្លែងកំសាន្ដផ្សេងៗ៕