(ភ្នំពេញ)៖ បើតាមការគ្រោងទុកសម្រាប់ពិព័ណ៍ការងារ និងផលិតភាពជាតិ នៅថ្ងៃទី២៧-២៨ ខែតុលា ខាងមុខនេះ នឹងទាក់ទាញអ្នកចូលរួមទស្សនាប្រមាណជាង៣ម៉ឺននាក់ ដោយនាំមកនូវក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួន១៥០ ដើម្បីតាំងបង្ហាញអំពីតំរូវការជ្រើសរើសកម្លាំងពលកម្ម នឹងមានការបង្ហាញជូននូវ មគ្គុទេសក៍អាជីព រួមទាំងបទពិសោធន៍ សម្រាប់ឈានចូលទីផ្សារការងារ ព្រមទាំងឱកាសទទួលបានវគ្គបណ្តុះបណ្តាលជំនាញផ្សេងៗ ជាច្រើនទៀត។
នាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនជាដៃគូធំៗ ដែលចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍នេះចំនួន១១រួចមកហើយ ក្នុងនោះមានធនាគារ Canadia PLC, មីក្រូហិរញ្ញវត្ថុ Prince Microfinance PLC Cambodia, មីក្រូហិរញ្ញវត្ថុ Amret Microfinance, ក្រុមហ៊ុន Beverage Company Ltd, ក្រុមហ៊ុន Chip Mong Group, ក្រុមហ៊ុន ISI Steel, ក្រុមហ៊ុនទូរស័ព្ទ Smart, ក្រុមហ៊ុន RMA, ក្រុមហ៊ុន Heniken, ក្រុមហ៊ុន Prince Group, ធនាគារ ភ្នំពេញពាណិជ្ជ និងមានក្រុមហ៊ុនចូលរួមសហការឧបត្ថម្ភប្រមាណ៨១ក្រុមហ៊ុន និងប្រើប្រាស់បញ្ជរសរុបប្រមាណ១៣៦ ។
នេះជាលើទី៨ហើយ ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ នៅថ្ងៃទី២៧-២៨ខែ តុលាឆ្នាំ២០១៨ នាពេលខាងមុខ នៅសាលពិព័រណ៍កោះពេជ្រដែលមានរយៈពេលពីរថ្ងៃ ចាប់ពីម៉ោង៨:00ព្រឹក ដល់ម៉ោង៨:00ល្ងាច។
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលរួមបញ្ចូលគ្នារវាងពិព័រណ៌ការងារថ្នាក់ជាតិប្រចាំឆ្នាំ និងយុទ្ធនាការផលិតភាពជាតិ ដើម្បីស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សម្រាប់គោលនយោបាយជាតិមុខរបរ និងការងារ(២០១៧-២០២៥) និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(២០១៧-២០២៥) ក្នុងគោលដៅនាំយកឱកាសការងារដ៏សម្បូរបែប និងជាកន្លែងជួបជុំរវាងនិយោជក និងអ្នកស្វែងរកការងារធ្វើ ឲ្យមានភាពងាយស្រួល ក្នុងការផ្លាស់ប្តូរ ចែករំលែកព័ត៌មានទីផ្សារការងារ និងដើម្បីលើកកម្ពស់ការយល់ដឹង និងបណ្តុះគំនិតអំពីផលិតភាពការងារ។
មិនតែប៉ុណ្ណោះ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ការងារថ្នាក់ជាតិដ៏ធំនេះ គឺដើម្បីឲ្យនិយោជកធ្វើការផ្សព្វផ្សាយពីផែនការ តំរូវការ គោលនយោបាយក្នុងការជ្រើសរើសពលកម្មនាពេលបច្ចុប្បន្ន និងអនាគត ហើយដើម្បីផ្សព្វផ្សាយលើកកម្ពស់កិត្តិនាមក្រុមហ៊ុន/សហគ្រាស ។សម្រាប់អ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ នៅនឹងកន្លែងដោយងាយស្រួលជាមួយបណ្តាលក្រុមហ៊ុន/សហគ្រាសល្បីៗ ព្រមទាំងទទួលបានបានព័ត៌មាន បទពិសោធន៍អំពីជំនាញនៅកន្លែងធ្វើការ និងមគ្គុទេសក៍ សម្រាប់តម្រង់ទិស ដើម្បីឈានចូលទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។
បណ្តុះគំនិត នៃការយល់ដឹងអំពីផលិតភាពការងារ ដល់សាធារណជនទូទៅ ពិសេសក្នុងចំណោមសមាជិករបស់ GMAC ទាំងអ្នកគ្រប់គ្រង ប្រធានផ្នែក និងកម្មករនិយោជិត។ក្រុមហ៊ុន សហគ្រាស អាចបង្កើនការទំនាក់ទំនង ដើម្បីស្វែងរកដៃគូសហការពាណិជ្ជកម្ម និងចែករំលែកនូវព័ត៌មានអំពីតម្រូវការ និងការផ្គត់ផ្គង់ជំនាញនាពេលបច្ចុប្បន្ន និងអនាគត។
ជាមួយគ្នានេះដែរ សម្រាប់ម្ចាស់ក្រុមហ៊ុន គ្រឹះស្ថានអប់រំ សហគ្រាស មានបំណងចង់ចូលរួមទិញបញ្ជរ ដើម្បីជ្រើសរើសបុគ្គលិក ឬបង្ហាញពីផលិតផលក្រុមហ៊ុនរបស់ខ្លួន អាចទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 017 871 807/017 467 423/017 467 423 ឬលោកអ្នកអាចចូលទៅកាន់វេបសាយរបស់NEA តាមរយៈ www.event.nea.gov.kh ៕