(ភ្នំពេញ)៖ តាមរយៈការវាយតម្លៃប្រចាំឆ្នាំ អំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សលើពិភពលោកនោះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ដល់ចំណាត់ថ្នាក់លេខ២ ជូនប្រទេសកម្ពុជា ដែលគ្មានការជួញដូរមនុស្សនៅលើពិភពលោក ខណៈរាជរដ្ឋាភិបាលមានឆន្ទៈយ៉ាងពិតប្រាកដ ដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យបានទាំងស្រុង។
នេះជាការថ្លែងឲ្យដឹងពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្លែងនៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិកាអន្ដរសាសនាថ្នាក់ជាតិនៅកម្ពុជា លើកទី២ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «តាមការវាយតម្លៃប្រចាំឆ្នាំ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក កម្ពុជាយើងមិនដែលធ្លាក់ដល់ លេខ៣នោះទេ [...] ឥលូវនេះយើងបានឈរនៅលេខ២នេះ ប៉ុន្មានឆ្នាំមកនេះ ពីឆ្នាំ បីឆ្នាំចុងក្រោយនេះ ដែលនេះជាមោទនភាពរបស់យើងដែរ ហើយប្រហែលជាយើងខិតខំ ប៉ុន្ដែមិនទាន់ដឹងថាប៉ុន្មានឆ្នាំទៀតទើបបានលេខ១នោះទេ»។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានពន្យល់អំពីចំណាត់ថ្នាក់លេខរៀងនេះផងដែរថា សម្រាប់ចំណាត់ថ្នាក់លេខ១ គឺជាប្រទេសដែលគ្មានអំពើជួញដូរមនុស្ស, សម្រាប់ចំណាត់ថ្នាក់លេខ២ គឺជាប្រទេសដែលមានការជួញដូរមនុស្សតិចតួច ហើយរាជរដ្ឋាភិបាលមានឆន្ទៈក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាប និងសម្រាប់ចំណាត់ថ្នាក់លេខ៣ គឺជាប្រទេសដែលមានការជួញដូរមនុស្ស ហើយរដ្ឋាភិបាលគ្មានឆន្ទៈក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាប។
បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង សម្រាប់ការវាយតម្លៃនេះ គឺជាមុខមាត់ប្រទេសកម្ពុជា ហើយកាលណាដែលកម្ពុជា ប្រឆាំងការជួញដូរមនុស្សបានខ្លាំងក្លា នោះគេចាត់ទុកថា កម្ពុជាជាប្រទេសមួយដែលបានផ្ដល់តម្លៃជីវិតមនុស្ស ហើយអ្វីៗនឹងអភិវឌ្ឍន៍បន្ថែមទៀត ដែលនេះជាលក្ខខណៈមួយសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
យ៉ាងណាមិញ ដើម្បីអនុវត្តការងារនេះកាន់តែទទួលបានជោគជ័យទៀតនោះ សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា វាត្រូវតែមានការចូលរួម និងការគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដូច្នេះវេទិកាអន្ដរសាសនាថ្នាក់ជាតិនៅកម្ពុជា លើកទី២នេះ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលកំពុងតែកើតមានជាបន្ដបន្ទាប់ចំពោះប្រជាជនកម្ពុជា និងមនុស្សជាតិគួរឲ្យបារម្ភ។
ជាមួយគ្នានេះ សម្ដេច ស ខេង ក៏បានអំពាវនាវដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យស្វែងយល់កាន់តែច្បាស់អំពីបែបផែន និងគ្រប់រូបភាពនៃការជួញដូរមនុស្សគ្រង់ទម្រង់ ដែលអាចនឹងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា និងពិភពលោកទាំងមូល៕