(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យម្ចាស់សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ស្តីពីការងារ ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិត បានឈប់សម្រាក់ចំនួន៣ និងបើកប្រាក់ឈ្នួលមុន សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។
តាមលិខិតរបស់ក្រសួងការងារ បានឱ្យដឹងថា យោងតាមច្បាប់ស្តីពីការឈប់បុណ្យដែលត្រូវមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៨ និងដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករ និយោជិត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ត្រូវអនុវត្តដូចតទៅ៖
១៖ អនុញ្ញាតឱ្យកម្មករ និយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងកំឡុងពេលបីថ្ងៃ គឺថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។
២៖ ខិតខំរៀបចំបើកប្រាក់ឈ្នួលកម្មករ និយោជិតឱ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យកម្មករ និយោជិតទទួលបានប្រាក់បុរេនិទានយ៉ាងតិច៥០ភាគរយ មុនពេលបុណ្យភ្ជុំបិណ្ឌ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដូចខាងក្រោម៖