(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានស្នើសុំឱ្យប្រតិបត្តិករជាតិ ប្រតិបត្តិករអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវយកប្រព័ន្ធ IMSMA នេះទៅគ្រប់គ្រង និងប្រើប្រាស់ ដើម្បីរៀបចំផែនការបោសសម្អាតមីន ឱ្យចំតំបន់រងផលប៉ះពាល់ខ្លាំង នឹងឆ្លើយតបតម្រូវការសហគមន៍មូលដ្ឋាន ដើម្បីឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីន នៅក្នុងឆ្នាំ២០២៥។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងបែបនេះ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកទេសរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាស្តីពីការគ្រប់គ្រងព័ត៌មាន វិស័យសកម្មភាពមីន ដែលហៅកាត់ថា (IMSMA CORE)។ លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលាបណ្តុះបណ្តាលដ៏មានសារៈសំខាន់សម្រាប់វិស័យសកម្មភាពមីន រយ:ពេល៣ថ្ងៃនេះ ដែរសហការរៀបចំឡើងដោយអាជ្ញាធរមីន និងអង្គការអន្តរជាតិ GICHD។
លោកទេសរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ៖ «សុំឱ្យប្រតិបត្តិករជាតិ ប្រតិបត្តិករអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវយកប្រព័ន្ធ IMSMA នេះទៅគ្រប់គ្រង និងប្រើប្រាស់ ដើម្បីរៀបចំផែនការបោសសម្អាតមីនឱ្យចំតំបន់រងផលប៉ះពាល់ខ្លាំង នឹងឆ្លើយតបតម្រូវការ សហគមន៍មូលដ្ឋាន ដើម្បីឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីន ក្នុងឆ្នាំ២០២៥ [...] លើសពីនេះទៅទៀតប្រព័ន្ធ IMSMA ត្រូវបានប្រើប្រាស់ តាមបណ្តាប្រទេសរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រាមផងដែរ»។
លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរមីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេស ម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍ ប្រតិបត្តករជាតិនិងអន្តរជាតិ និងអង្គការផ្សេងៗទាំងអស់ ដែលបាននឹងកំពុងជួយ ដល់វិស័យសកម្មភាពមីន នៅកម្ពុជា ដើម្បីចូលរួមសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ តាមតំបន់ដាច់ស្រយ៉ាល ដើម្បីឱ្យពួកគាត់រស់នៅ និងប្រកបមុខរបរកសិកម្មប្រកបដោយសុវត្ថភាព៕