(ភ្នំពេញ)៖ ប្រជាពលរដ្ឋមកពីតាមបណ្តាសង្កាត់ចំនួន៦ ក្នុងខណ្ឌសែនសុខ បានទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ។
ថ្លែងក្នុងពិធីសំណេះសំណាល ដែលបានប្រារព្ធធ្វើឡើង នៅវត្តសំរោងអណ្តែត លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានអនុសខាកាកបាទក្រហម ខណ្ឌសែនសុខបញ្ជាក់ថា ដោយមើលឃើញរាល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន១៨០នាក់ មកពីបណ្តាសង្កាត់ទាំង៦ ក្នុងខណ្ឌសែនសុខ ទើបអនុសាខាកាកបាទក្រហមកម្ពុជា បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចៅអធិការវត្ត មន្រ្តីរួមការងារទៅចែក ជូនពលរដ្ឋក្រីក្រនាពេលនេះ ។
អំណោយដែលត្រូវចែក ជូនប្រជាពលរដ្ឋក្រីក្រទទាំង១៨០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបានអង្ករ៣០គីឡូក្រាម គ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន៤ម៉ឺនរៀល ។
នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌសែនសុខ បាននាំយកការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែបានគិតគូរដល់ការលំបាក និងសុខទុក្ខរបស់បងប្អូន ដែលជាជនងាយរងគ្រោះ, ទុរគតជន, ពិការ កុមារកំព្រា, ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ជាដើម ។
ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ឱ្យថែរក្សាសុខភាព អនាម័យ ការរស់នៅស្អាត ដើម្បីនៅបន្តមើលការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន៕