(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ស្ថាប័ន FBI របស់អាមេរិក បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចសហការប្រតិបត្តិការនាពេលកន្លងមក និងរហូតមកដល់ពេលនេះ របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានចាប់ឃាត់ និងបញ្ជូនរាល់ជនជាតិអាមេរិកាំងទាំងឡាយ ទៅកាន់ស្រុកកំណើតវិញ ករណីប្រព្រឹត្តបទល្មើសនានានៅក្នុងប្រទេសកម្ពុជា និងសហរដ្ឋអារិក។
ការកោតសរសើរខាងលើនេះ បានធ្វើឡើង ខណៈលោក John Willson តំណាងអនុព័ន្ធច្បាប់ នៃការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI របស់សហរដ្ឋអាមេរិក ប្រចាំស្ថានទូតអាមេរិក នៅទីក្រុងភ្នំពេញ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានថ្លែងថា ក្នុងជំនួបពិភាក្សាគ្នានេះ ភាគីអាមេរិកបានថ្លែងអំណរគុណ ដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលកន្លងមក តែងផ្តល់នូវកិច្ចសហការយ៉ាងជិតស្និត ក្នុងកិច្ចសហការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួន និងបញ្ជូនទៅប្រទេសដើមវិញ ចំពោះពលរដ្ឋអាមេរិកដែលបានប្រព្រឹត្តបទល្មើសនានា ទាំងនៅសហរដ្ឋអាមេរិក និងនៅកម្ពុជា។
បើតាមនាយឧត្តមសេនីយ៍ «ភាគីយើងទាំងពីរ ក៏បានបន្តពិភាក្សាលើពង្រាងអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ-សម្រេច និងធ្វើការចុះហត្ថលេខានាពេលខាងមុខ»។
ជាក់ស្តែងនៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលអន្តោប្រវេសន៍របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការឃាត់ខ្លួនបុរសជនជាតិអាមេរិកកាំងម្នាក់ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រីជាអនីតិជន (មិនគ្រប់អាយុ) ប្រព្រឹត្តឡើងនៅសហរដ្ឋអាមេរិក។
ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះ បានប្រព្រឹត្តឡើងនាថ្ងៃទី២៩ ខែសីហា ម្សិលមិញ នាវេលាម៉ោង៨៖៣០នាទីយប់ ដោយមានការសម្របសម្រួលពីសំណាកលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ។
ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបន្តថា បុរសជនជាតិអាមេរិក ដែលកម្លាំងជំនាញរបស់លោកឃាត់ខ្លួនមានឈ្មោះ William David Brenner កើតថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៥៥ នៅចំណុចក្បែររង្វង់មូលតោពីរ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមដីកាស្វែងរកចាប់ខ្លួនរបស់សហរដ្ឋអាមេរិក ពីបទរំលោភផ្លូវភេទលើកុមារ (នៅសហរដ្ឋអាមេរិក)។
ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ មានសហការជាមួយការិយាល័យសន្តិសុខ តំបន់របស់សហរដ្ឋអាមេរិក (RSO) Regional Security office ប្រចាំស្ថានទូតអាមេរិក និងបានបញ្ជូនជនសង្ស័យទាំងយប់ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិកវិញផងដែរ៕