(រតនគិរី)៖ ជារៀងរាល់ថ្ងៃរាល់យប់ គេសង្កេតឃើញក្បួនរថយន្តសាំយុង រហ័សនាម០៨ ប្រមាណ០៨ទៅ១០គ្រឿង ដឹកឈើកក្រើកដី ឆ្ពោះទៅវៀតណាម ប៉ុន្តែសមត្ថកិច្ចមិនបង្ក្រាប។
បើតាមសមត្ថកិច្ចប្រចាំការផ្លូវជាតិលេខ៧៨ ដែលមិនទទួលផលប្រយោជន៍ពីជំនួញឈើខាងលើ បានបង្ហើបប្រាប់ភ្នាក់ងារ Fresh News ថា ក្បួនរថយន្តសាំយុងរហ័សនាម០៨នេះ មានអ្នករត់ការឈ្មោះថៅកែនី (បងនី) មានទីលំនៅភូមិកាចាញ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
បើតាមព័ត៌មានដែលបានលួចបង្ហើប ឈើដែលថៅកែនី (បងនី) ដឹកចេញពីតំបន់កោះញ៉ែក ខេត្តមណ្ឌលគិរី និងចំការដូងប្រេងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ដឹកទៅលក់ឲ្យឈ្មួញវៀតណាម ដែលចាំទទួលទិញនៅឃ្លាំងដាក់កើ ជាប់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។
ទាក់ទិញទៅនឹងសកម្មភាពក្បួនរថយន្តសាំយុងរហ័សនាម០៨ សម្រុកដឹកឈើឆ្ពោះទៅវៀតណាម ដោយគ្មានការទប់ស្កាត់នេះដែរ ភ្នាក់ងារ Fresh News នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ មិនអាចសុំការបំភ្លឺពីលោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្ត និងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើបានទេ៕