(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ២៧១មេហ្គាម៉ល ដែលជាផ្សារទំនើបខ្នាតយក្ស វិនិយោគ២៥២លានដុល្លារ ដោយក្រុមហ៊ុន ជីប ម៉ុង រីថេល បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី៣០ ខែសីហានេះ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ផ្សារទំនើបខ្នាតយក្សដ៏ប្រណិតនេះ មានទីតាំងស្ថិតលើផ្លូវ២៧១ ក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានប្រណិត និងតំបន់ពាណិជ្ជកម្ម ដឹ លែនម៉ាក ២៧១ របស់ជីប ម៉ុង លែន។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានឲ្យដឹងថា ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាគម្រោងមួយក្នុងចំណោមគម្រោងផ្សារទំនើបធំៗ របស់ក្រុមហ៊ុន ជីប ម៉ុង រីថេល ដែលរួមមាន ជីប ម៉ុង មុន្នីវង្សស៊ុភើម៉ាឃីត, ជីប ម៉ុង បាក់ទូកម៉ល, ជីប ម៉ុង សែនសុខម៉ល និង ជីប ម៉ុង ៥៩៨ម៉ល។
លោកឧកញ៉ាបន្ដទៀតថា «ផ្សារទំនើបខ្នាតយក្សនេះ នឹងជួយបំពេញតម្រូវការសាធារណជន ក្នុងការរស់នៅផ្ដល់ទាំងភាពងាយស្រួល និងទាន់សម័យ។ មួយវិញទៀតការវិនិយោគ ផ្សារទំនើបខ្នាតយក្សនេះ នឹងចូលរួមចំណែកក្នុងការកាត់បន្ថយ អត្រានៃភាពក្រីក្រ តាមរយៈការបង្កើតការងារកាត់បន្ថយការចំណាក់ស្រុករបស់ពលរដ្ឋកម្ពុជា ព្រមទាំងលើកម្ពស់សេដ្ឋកិច្ចជាតិ របស់ប្រទេសថែមមួយកម្រិតទៀតផង»។
សូមបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាផ្សារទំនើបខ្នាតធំមួយនៅកម្ពុជា ដែលមានកម្ពស់៣ជាន់ ផ្ទៃក្រលា ១៦០,០០០ម៉ែត្រការ៉េ មានច្រកចេញ-ចូលធំទូលាយ ងាយស្រួល និងគ្មានភាពព្រួយបារម្ភ ពីការកកស្ទះចរាចរណ៍ និងផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ និងការប្រកបអាជីវកម្មនានាផងដែរ៕