(ពោធិ៍សាត់)៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំ ផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការគ្នាចុះបង្រ្កាបមុខសញ្ញាជួយដូរដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ ក្នុងនោះដកហូតនូវវត្ថុតាងរួមទាំងសម្ភារ ផងដែរ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៣៖០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងលិចស្ពានផ្សារបំណក់ ចម្ងាយប្រមាណ ៣០០ម៉ែត្រ ស្ថិតក្នុងភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងដែរថា មុខសញ្ញាជាជនសង្ស័យត្រូវកម្លាំងឃាត់ខ្លួនឈ្មោះ រ៉ាត់ ធី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ជនសង្ស័យស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ មានប្រពន្ធ និងកូនម្នាក់ក្នុងបន្ទុកគ្រួសារ ហើយក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថក៏បានដកហូតនូវវត្ថុតាង និងសម្ភារមួយចំនួនផងដែរ។

លោក វរសេនីយ៍ឯកបន្តថា ចំពោះវត្ថុតាង និងសម្ភារៈរួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២២កញ្ចប់ ក្នុងនោះកញ្ចប់ធំចំនួន ០១កញ្ចប់, កញ្ចប់កណ្ដាលចំនួន ០១កញ្ចប់, កញ្ចប់ទម្ងន់ ០១ជីចំនួន ០៨កញ្ចប់, និងទម្ងន់ ០១ហ៊ុនចំនួន ១២កញ្ចប់។ លោកបន្តថា សមត្ថកិច្ច ក៏បានដកហូតលុយខ្មែរចំនួន ៥ម៉ឺនរៀល, ការបូបចំនួន០១, ទូរស័ព្ទដៃចំនួន ០២គ្រឿង, និងម៉ូតូចំនួន០១គ្រឿងម៉ាកស៉ីប៊ីអ ពណ៌ខ្មៅ គ្មានស្លាកលេខ។

លោកអធិការបន្តទៀតថា ជនសង្ស័យជាមុខសញ្ញារួមទាំងវត្ថុតាង និងសម្ភារៈបាននាំយកមក បន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធបញ្ជូនបន្ត ទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពិ៍សាត់ចាត់ ដើម្បីចាត់ការបន្ត៕