ករណីរំលោភសម្លាប់នៅបាត់ដំបង! ស្ត្រីម្នាក់ទៅឃ្វាលគោមិនឃើញមកផ្ទះវិញ សាច់ញាតិដើររកស្រាប់តែប្រទះឃើញស្លាប់ក្នុងស្រះទឹក ក្នុងលក្ខណៈអាក្រាតកាយ
30-08-2018 15:46
(បាត់ដំបង)៖ ស្ត្រីម្នាក់ បានទៅឃ្វាលគោពេញមួយថ្ងៃ ពេលមិនឃើញមកផ្ទះវិញ សាច់ញាតិ និងអ្នកជិតខាង ជួយដើររកស្រាប់តែប្រទះឃើញស្លាប់ក្នុងស្រះទឹក ក្នុងលក្ខណៈអាក្រាតកាយ នៅវេលាម៉ោង៧៖០០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចក្រុមទី២៩ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅឃ្វាលគោ ដោយបាត់មិនឃើញមកផ្ទះជិតមួយថ្ងៃ ប្រជាពលរដ្ឋ រួមទាំងសាច់ញាតិជនរងគ្រោះ បានដើររកស្រី្តរងគ្រោះខាងលើជាច្រើនកន្លែង ក៏ប្រទះឃើញមួកជនរងគ្រោះនៅជិតកន្លែងកើតហេតុ។ ពេលចុះរាវក្នុងទឹកស្រះ បានប្រទះឃើញស្ត្រីរងគ្រោះស្លាប់ ក្នុងសភាពស្នាមជាំពេញមុខមាត់ និងអាក្រាតកាយ។
សមត្ថកិច្ចបានបញ្ជាក់បន្តថា សាកសពស្រីរងគ្រោះមានឈ្មោះ ឆន សឿត ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយស ឃុំតាប៉ុន កន្លែងកើតហេតុខាងលើ។
ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ ត្រូវបានគេរំលោភសេពសន្ថវៈ ហើយសម្លាប់ និងយកបោះចូលទៅក្នុងស្រះទឹកដើម្បីបំភ័ន្តភ្នែក។
បច្ចុប្បន្នកម្លាំងជំនាញ បាននិងកំពុងស្រាវជ្រាវ តាមស្វែងរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕