(សៀមរាប)៖ លោក Hiroshi SUGIYAMA ប្រធានគម្រោងវិទ្យាស្ថានជាតិស្រាវជ្រាវណារ៉ារបស់ប្រទេសជប៉ុន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ បាននាំយកវត្ថុបុរាណដែលបានពីការធ្វើកំណាយស្រាវជ្រាវនៅឡតានី និងការជួសជុលប្រាសាទតុបខាងលិច មកប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក។
វត្ថុបុរាណទាំងនេះមានបំណែកកុលាលភាជន៍ ដែលបានពីកំណាយស្រាវជ្រាវនៅឡតានី និងបំណែកតូចល្អិតធ្វើពីលោហធាតុ ដែលសង្ស័យថាជារបស់ដែលគេយកមកធ្វើពិធីបូជាអ្វីមួយនៅប្រាសាទតុបខាងលិច។ វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា មានសេចក្តីរីករាយក្នុងការគោរពទៅតាមច្បាប់បេតិកភណ្ឌនៃប្រទេសកម្ពុជា និងមានមោទកភាពណាស់ ដែលបានចូលរួមចំណែកក្នុងថែរក្សា ការពារ ជួសជុល និងអភិរក្សនូវសំណង់បុរាណក្នុងតំបន់អង្គរ ព្រមទាំងការស្រាវជ្រាវនៅទីនេះផង។
លោក ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ក្នុងពិធីទទួលនូវវត្ថុទាំងនោះបានកត់សម្គាល់ថា វិទ្យាស្ថានជាតិស្រាជ្រាវណារ៉ារបស់ប្រទេសជប៉ុន គឺជាស្ថាប័នអន្តរជាតិទី១ដែលបានប្រគល់នូវបុរាណវត្ថុដល់អាជ្ញាធរជាតិអប្សរាក្រោយធ្វើការស្រាវជ្រាវរួចរាល់។
ការប្រគល់វត្ថុបុរាណទាំងនោះមកអាជ្ញាធរជាតិអប្សរានាពេលនេះ គឺតបតាមការអំពាវនាវរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលលោកស្រីបានអំពាវនាវនាឱកាសជួបប្រជុំជាមួយស្ថាប័នអន្តរជាតិបំពេញភារកិច្ចក្នុងរមណីយដ្ឋានអង្គរ ឱ្យបញ្ជូនវត្ថុបុរាណនានា ដែលប្រទះឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវ ឬជួសជុល មកអាជ្ញាធរជាតិអប្សរា ដើម្បីចុះបញ្ជីសារពើភណ្ឌក្នុងក្របខណ្ឌជាតិនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោក ហង់ ពៅ បានបន្តទៀតថា វត្ថុទាំងនេះនឹងត្រូវរក្សាទុកនៅអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាអំពីប្រវត្តិ ចុះបញ្ជីសារពើភណ្ឌ និងធ្វើការជួសជុលអភិរក្សនូវបុរាណវត្ថុសិល្បៈទាំងនេះឱ្យបានល្អប្រសើរ។
លោកក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះវិទ្យាស្ថានជាតិស្រាវជ្រាវណារ៉ា ដែលមានកិច្ចសហការដ៏ល្អជាមួយអាជ្ញាធរជាតិអប្សរាជាច្រើនឆ្នាំលើកិច្ចការអភិរក្សនិងជួសជុលប្រាសាទក្នុងតំបន់អង្គរ ការស្រាវជ្រាវ ការបណ្តុះបណ្តាលធនមនុស្ស និងការផ្តល់ការងារដល់អ្នកជំនាញខ្មែរផងដែរ៕