(ភ្នំពេញ)៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០១៨ នាយកដ្ឋានសន្ធានកម្ម និងមណ្ឌលសេវាកម្មយុត្ដិធម៌មូលដ្ឋាន នៃក្រសួងយុត្តិធម៌ បានដោះស្រាយវិវាទ និងប្រឹក្សាយោបល់ជូនប្រជាពលរដ្ឋ ចំនួន២០៨៥ករណី នៅក្រុង ស្រុក ខណ្ឌទាំង៦៦មណ្ឌល នៃរាជធានីភ្នំពេញ និងខេត្តទាំង១០។
នេះបើតាមការលើកឡើងរបស់ លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន នៃក្រសួងយុត្តិធម៌ ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «តួនាទី ភារកិច្ច និងការប្រតិបត្តិដល់មន្រ្តីមណ្ឌល សេវាកម្មយុត្តិធម៌ ក្រុង ស្រុក ខណ្ឌ ក្នុងក្របខណ្ឌក្រសួងយុត្តិធម៌» នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។
លោក សុខ បូរ៉ា បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា «គិតត្រឹមឆមាសទី១នេះ យើងបានទទួលធ្វើការសម្រុះសម្រួលវិវាទ សរុបមាន១,៤០៤ ករណី បានព្រមព្រៀងជិត២០០ករណី ហើយយើងកំពុងផ្សះផ្សាយបន្ដទៀត និងផ្ដល់ប្រឹក្សាយោបល់សរុបចំនួន ៦៨១ករណី បើបៀបធៀបនឹងឆ្នាំមុន គឺចំនួនមិនថយចុះនោះទេ ហើយបើគិតក្នុងមួយឆ្នាំៗ យើងទទួលដោះស្រាយវិវាទ និងប្រឹក្សាយោបល់ ជូនប្រជាពលរដ្ឋ មិនក្រោម៤ពាន់ករណីនោះឡើយ»។
លោក សុខ បូរ៉ា បានថ្លែងបន្ដថា បច្ចុប្បន្ន មណ្ឌលសេវាកម្មយុត្តិធម៌មានចំនួន៦៦ នៅតាមក្រុង ស្រុក ខណ្ឌ ដែលអាចផ្ដល់សេវាដោះស្រាយវិវាទ និងប្រឹក្សាយោបល់ផ្នែកច្បាប់ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដូច្នេះប្រជាពលរដ្ឋ ដែលមានវិវាទ និងបញ្ហាគ្រួសារផ្សេងៗទៀត ពាក់ព័ន្ធនឹងនីតីវិធី សូមមកពឹងពាក់ និងទំនាក់ទំនង នៅតាមមណ្ឌលសេវាកម្មយុត្ដិធម៌ ដែលមានចំនួន១៩ខេត្ដ រួមមាន៖ ខេត្ដកំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ រតនៈគិរី មណ្ឌលគិរី ព្រៃវែង កំពត និងតាមបណ្ដាខេត្ដមួយចំនួន រួមទាំងរាជធានីភ្នំពេញ ក្នុងខណ្ឌទាំង១២ ជាដើម។
ប្រធាននាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន នៃក្រសួងយុត្តិធម៌ បានលើកឡើងទៀតថា «មណ្ឌលសេវាកម្មយុត្ដិធម៌នេះ បានកើតចេញពីរាជរដ្ឋាភិបាល បានធ្វើការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ ដោយបង្កើតឲ្យមានសេវាកម្មមណ្ឌលយុត្ដិធម៌ ដែលជាស្ថាប័នមួយទទួលបន្ទុកដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋ នៅពេលមានរឿងនៅសហគមន៍ ហើយភាគរយដែលយើងធ្វើការសម្រុះសម្រួលនេះ មន្ដ្រីរបស់យើងខ្ញុំជាអាជ្ញាកណ្ដាល មិនកាន់ជើងគូភាគី ហើយលទ្ធផលគឺសម្រេចចេញពីគូភាគី ដោយស្ម័គ្រចិត្ដ ខុសពីតុលាការ។ នេះគឺជាការចូលរួមចំណែកអនុវត្ដន៍កាត់បន្ថយភាពក្រីក្រ ដែលនេះគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុនសែន ជានាយរដ្ឋមន្ដ្រី»។
ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្ដការដែលកំពុងតែពេញនិយម និងមានប្រជាប្រិយភាព មិនថាព្រះរាជាណាចក្រកម្ពុជាទេ គឺទូទាំងសាកលលោកតែម្ដង ពីព្រោះយន្ដការនេះ ធានាឲ្យពលរដ្ឋជាទូទៅអាចរស់នៅជាមួយគ្នា ប្រកបដោយភាពសុខដុម តាមរយៈការដោះស្រាយវិវាទនានា ដោយប្រើនីតិវិធីសម្រុះសម្រួល ដែលនាំមកនូវការយោគយល់គ្នា ការធ្វើសម្បទានឲ្យគ្នាទៅវិញទៅមករវាងគូភាគីវិវាទ ជាជាងការបញ្ជូនជំលោះឡើងតុលាការ ដែលអាចនឹងបង្កើតឲ្យមានភាពល្អក់កករ សម្រាប់ការរស់នៅក្នុងនាមជាអ្នកជិតខាងល្អ។
លោកបញ្ជាក់ថា ផ្អែកទៅតាមផែនការណ៍របស់នាយកដ្ឋាន ក្នុងមួយឆ្នាំៗ ក្រសួងបានពង្រីកបន្ថែម១៨ស្រុកក្រុង ដូចនេះ នៅអាណត្ដិក្រោយនេះ ប្រហែលជាសេវាដោះស្រាយវិវាទ និងប្រឹក្សាយោបល់ជូនប្រជាពលរដ្ឋ មានគ្រប់២៥ខេត្ដក្រុង ដើម្បីបង្ខិតសេវាកម្មនេះ កាន់តែជិត និងផ្ដល់ភាពងាយស្រួលដល់ជូនប្រជាពលរដ្ឋ ។
សូមជម្រាបថា វិវាទដែលមណ្ឌលសេវាកម្មយុត្តិធម៌ត្រូវដោះស្រាយ សម្របសម្រួល និងផ្សះផ្សា មានដូចជា៖
* ផ្ដាច់ពាក្យរៀបការ
* ទំនាក់ទំនងអាពាហ៍ពិពាហ៍
* ទំនាក់ទំនងគ្រួសារ
* ហិង្សាក្នុងគ្រួសារ
* ប៉ះពាល់ជីវភាពជិតខាង
* បំពានកិច្ចសន្យា
* បំពានកម្មសិទ្ធដីធ្លី
* ខូចខាតទ្រព្យសម្បត្តិតូចតាច
* បង្ករបួសស្នាមតូចតាច
* បរិហារកេរ្ដិ៍ ជេរប្រមាថ និងផ្សេងៗ៕