(ភ្នំពេញ)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កិច្ចអន្តរាគមន៍ ដល់ពលការិនីខ្មែរម្នាក់ទៀតហើយ ដែលចាញ់បោកមេខ្យល់ម្នាក់ មិនមានក្រុមហ៊ុនច្បាស់លាស់ឈ្មោះ ជីប ណូស្នី នៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទៅធ្វើការខុសច្បាប់នៅប្រទេសអារ៉ាប៊ីសាអូឌីត រយៈពេលជាង២ឆ្នាំ។
ពលការិនីជនរងគ្រោះឈ្មោះ លី សំរ៉ោះ អាយុ២២ឆ្នាំ គឺជាជនជាតិខ្មែរឥស្លាម មកពីភូមិត្រពាំងថ្ម ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាកូនច្បង ក្នុងចំណោមបងប្អូន៧នាក់ ដែលជាគ្រួសារកសិករ មានជីវភាពក្រលំបាក បានសម្រេចចិត្តទៅធ្វើការជាស្រ្តីបម្រើការងារផ្ទះ នៅអារ៉ាប៊ីសាអូឌីត តាមរយៈមេខ្យល់ខុសច្បាប់មិនមានក្រុមហ៊ុន និងអាជ្ញាប័ណ្ណបញ្ជូនពលករ បានបញ្ជូននាងទៅធ្វើការកាលពីខែមិថុនា ឆ្នាំ២០១៧។
តាមការបញ្ជាក់ដោយផ្ទាល់ពីស្រ្តីរងគ្រោះខាងលើ បានឲ្យដឹងថា កំឡុងពេលជាង១៤ខែ ដែលខ្លួនស្នាក់នៅបម្រើការងារនៅអារ៉ាប៊ីសាអូឌីត គឺភាគីមេខ្យល់ដែលបញ្ជូននាង ទៅដោយខុសច្បាប់នោះ បានទាក់ទងនិយាយគ្នាបានម្តងគត់ តែក្រោយមកក៏បាត់ឈ្មោះសូន្យឈឹង លែងទាក់ទងបាន ខណៈដែលខ្លួនជាស្រ្តីបម្រើការងារ បានបន្តធ្វើការងារទាំងវេទនា ត្រូវបានម្ចាស់ផ្ទះប្រើឲ្យធ្វើការហួសកម្លាំង និងលើសម៉ោងរហូត។
ស្ដ្រី លី សំរ៉ោះ បន្ថែមថា ទោះយ៉ាងណាបញ្ហារំលោភលើកម្លាំងពលកម្ម មិនសូវចោទជាបញ្ហាធំនោះទេ អ្វីដែលជាឧបសគ្គធំធេងបំផុត ដែលជាមូលហេតុ ធ្វើឲ្យនាងរកវិធីចាកចេញពីផ្ទះដែលធ្វើការ ក៏ដូចជារកអ្នកជួយផ្តល់អន្តរាគមន៍ពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ គឺដោយសារតែថៅកែប្រុស ជាភាគីម្ចាស់ផ្ទះដែលខ្លួននៅបម្រើការងារនោះ ក្រៅពីរំលោភលើកម្លាំងពលកម្មធ្វើការហួសកំណត់ហើយ គឺតែងតែមកឆាឆៅ ក្នុងគោលបំណងរំលោភ លើខ្លួនប្រាណរបស់នាងថែមទៀត ដែលតែងតែបង្កភាពភិតភ័យដល់រូបនាងជារឿយៗមក។
ភ្លាមៗឆ្លើយតបនឹងការប្រកាសស្វែងរកការជួយអន្តរាគមន៍ពីសំណាក់ស្ត្រីរងគ្រោះខាងលើ លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ក្នុងនាមជារដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលភារកិច្ចពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់ ក្នុងការទទួលបន្ទុកដោះស្រាយរាល់បញ្ហានានា ទាក់ទងនឹងវិស័យពលកម្មការងារ និងបញ្ហាផ្សេងៗនៅបណ្តាប្រទេសមជ្ឈឹមបូព៌ា លោកក៏បានចាត់ចែងដោះស្រាយជាបន្ទាន់ ដោយធ្វើការទំនាក់ទំនងជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ដើម្បីផ្តល់បទអន្តរាគមន៍សម្រួលឲ្យ នារីរងគ្រោះខាងលើនេះ បានចាកចេញពីម្ចាស់ផ្ទះជនជាតិអារ៉ាប់ ដែលខ្លួនកំពុងបម្រើការងារ ទៅរកមណ្ឌលគាំពារស្ត្រីរងគ្រោះអារ៉ាប៊ីសាអូឌីត ដោយសុវត្ថិភាព និងបានត្រឡប់មកកាន់កម្ពុជាវិញដោយសុវត្ថិភាព នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា នេះជានារីរងគ្រោះទី៥ហើយ ដែលលោកបានដោះស្រាយឲ្យបានវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព ប៉ុន្តែដោយសារនៅប្រទេសអារ៉ាប់នោះ មិនទាន់មានស្ថានទូត ឬស្ថានកុងស៊ុលរាល់ការដោះស្រាយ បញ្ហាម្ដងៗមានការលំបាក យឺតយ៉ាវដែលលើកទី១ លោកបានសហការស្ថានទូតកម្ពុជា ប្រចាំនៅរដ្ឋគុយវ៉ែតផង អេហ្ស៊ីបផង ឯលើកទី២, ៣, ៤ និងទី៥នេះ យើងធ្វើការសហការជាមួយ ស្ថានទូតប្រចាំនៅអេហ្ស៊ីបតែម្តង។
ពលការិនីរងគ្រោះ លី សំរ៉ោះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្លែងអំណរគុណដល់ លោក អូស្មាន ហាស្សាន់ ជាថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហការីព្រមទាំងស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសអេហ្ស៊ីប ដែលបានផ្តល់បទអន្តរាគមន៍ ដោះស្រាយទុក្ខលំបាករបស់នាងបានទាន់ពេលវេលា៕