(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ប៊ុយ ចូវត្វិ មកពីប្រទេសវៀតណាម បានបញ្ជាក់ថា មានជំងឺ៤ក្នុងចំណោមច្រើនប្រភេទ ដែលកាចសាហាវ និងគ្រោះថ្នាក់បំផុត និងកើតឡើងចំពោះមនុស្សគ្រប់វ័យ មិនថាស្រី-ប្រុស ដែលឧស្សាហ៍ឈឺក្បាល។
ការលើកឡើងរបស់លោកវេជ្ជបណ្ឌិតជំនាញ ប៊ុយ ចូវត្វិ ឯកទេសផ្នែកក្បាល មកពីមន្ទីរជោរៃវៀតណាម ធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃប្រចាំខែ នៅមន្ទីរពេទ្យជោរៃភ្នំពេញ ដែលសហការជាមួយក្រុមហ៊ុនឱសថ DHG Pharma។
លោកវេជ្ជបណ្ឌិតជំនាញ ប៊ុយ ចូវត្វិ លើកឡើង «ប្រភេទដែលនាំឲ្យមានជំងឺឧស្សាហ៍ឈឺក្បាលនោះរួមមានដូចជា ជំងឺហួរឈាមក្នុងខួរក្បាល, រលាកស្រោមខួរក្បាល, អាប់សែក្នុងខួរក្បាល និងដុះដុំសាច់ក្នុងខួរក្បាល ហើយជំងឺប្រភេទនេះ ជាផ្នែកជំងឺឈឺក្បាលខាងក្នុង»។
លោកបន្ថែមថា ជំងឺឈឺក្បាលត្រូវបានគេបែងចែក ចេញជា២ក្រុមធំៗ រួមមានការឈឺក្បាលនៅផ្នែកខាងក្នុងខួរក្បាល និងការឈឺក្បាលនៅផ្នែកខាងក្រៅខួរក្បាល ទាំងអស់នេះសុទ្ធសឹងតែប្រភេទដែលគួរឲ្យព្រួយបារម្ភ បើមិនបានព្យាបាលឲ្យពេលវេលានោះទេ។
សូមជម្រាបថា ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃប្រចាំខែ នៅមន្ទីរពេទ្យជោរៃភ្នំពេញ ដែលសហការជាមួយក្រុមហ៊ុនឱសថ DHG Pharma គឺជាកម្មវិធីមនុស្សធម៌ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យមានឱកាសទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព ពីសំណាក់វេជ្ជបណ្ឌិត ឯកទេសវៀតណាមដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅមន្ទីរពេទ្យជោរៃភ្នំពេញ។ ជាងនេះទៅទៀតគឺជួយឱ្យប្រជាពលរដ្ឋ យល់កាន់តែច្បាស់អំពីសារៈសំខាន់ នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើសវិធីព្យាបាលឱ្យបានសមស្របបំផុត។
ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត ប៊ុយ ចូវត្វិ ក៏បានអំពាវនាវឲ្យអ្នកដែលកើតជំងឺឈឺក្បាលទាំងអស់ គួរកាត់បន្ថយនូវការគិត កាត់បន្ថយភាពស្ត្រេស ហើយត្រូវទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ ជាងនេះទៅទៀត គួរទៅជួបពិគ្រោះយោបល់ ជាមួយនឹងគ្រូពេទ្យ នៅពេលមានជំងឺមួយនេះកើតឡើង ជៀសវាងការទិញថ្នាំលេបដោយខ្លួនឯង ដោយមិនទាន់ទទួលវេជ្ជបញ្ជាត្រឹមត្រូវ៕