(កណ្តាល)៖ ដើម្បីការពារ សុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ លោក អ៊ូ ម៉ានូរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះពិនិត្យផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅផ្សារព្រែកអញ្ចាញ និងផ្សាររកាកោង ស្ថិតក្នុងស្រុកមុខកំពួល ខេត្តកណ្តាល។
លោក អ៊ូ ម៉ានូរិន បានឲ្យដឹងថា នៅក្នុងការចុះពិនិត្យទំនិញនៅផ្សារទាំងពីរខាងលើ ក្រុមការងារបានធ្វើតេស្ត ទៅលើមុខម្ហូបមួយចំនួន ដូចជាបន្លែ ផ្លែឈើ ប្រហិត មី គុយទាវ គ្រឿងសមុទ្រ ដូចមឹក បង្គារ តែលទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ។ ជាមួយគ្នានោះ ក្រុមការងារបានធ្វើការដកហូតគ្រឿងកំប៉ុង ដែលមានលក្ខណៈកំពិត ច្រែះ និងហួសកាលបរិច្ឆេទបានជាង១០កំប៉ុង និងប័រកំប៉ុង ចំនួន២ឡូ ខូចគុណភាពទុកដុតកម្ទេចចោល។
បន្ថែមពីនេះ មន្រ្តីជំនាញក៏ស្វែងរកម្សៅទឹកដោះគោ សម្រាប់ទារក ម៉ាក Dumex Mamil Gold Infant Milk Formula-Step1 ដែលមានប្រភពដើម នៅប្រទេសម៉ាឡេស៊ី មិនមានវត្តមានម្សៅទឹកដោះគោខាងលើ នៅទីផ្សារនៅឡើយទេ។
បើតាមលោកប្រធានសាខា ក្រុមការងារបានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយ ដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
លោក អ៊ូ ម៉ានូរិន ក៏បានធ្វើការណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូល ចែកចាយ ត្រូវតែស្គាល់ពីប្រភពច្បាស់លាស់ជាមុនសិន មុនទទួលទិញយកមកលក់ ហើយត្រូវបញ្ចប់ការលាយបន្ថែម នូវសារធាតុគីមីឃាត់ ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ ក្រុមអាជីវករទាំងអស់ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំង ផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម៕