(ភ្នំពេញ)៖ បន្ទាប់ពីបុគ្គលិកជំនាញ និងអចិន្ត្រៃយ៍របស់អាជ្ញាធរជាតិអប្សរា៣៥៥នាក់ ត្រូវធ្វើសមាហរណកម្មជាមន្ត្រីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួចមក នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយពយកគេ ដើម្បីផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារតទៅមុខ។
ពិធីនេះរៀបចំឡើងនៅសាលសន្និសីទអង្គរ នៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ក្នុងបំណងផ្តល់ដំណឹងអំពីលក្ខខណ្ឌមួយចំនួនដែលត្រូវអនុវត្ត និងការទទួលបាននូវផលប្រយោជន៍សាធារណៈជាច្រើនផ្សេងទៀត ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល រាប់បញ្ចូលទាំងឱកាសនៃបង្កើតអាជីពវិជ្ជាជីវៈ ការទទួលបានការផ្តល់សេចក្តីទុកចិត្តតែងតាំងឱ្យទទួលភារកិច្ចថ្មីៗ និងការដំឡើងប្រាក់បៀរវត្សរ៍នៅពេលក្លាយខ្លួនជាមន្ត្រីរាជការ។
បន្ថែមពីនោះ លោកស្រីក៏ក្រើនរំឭកដល់បុគ្គលិកទាំងអស់ថា ក្នុងនាមជាមន្ត្រីអាជ្ញាធរជាតិអប្សរា ដែលបំពេញការងារអភិរក្សលើកស្ទួយតម្លៃមរតកវប្បធម៌ជាតិ គឺជាភ័ព្វសំណាងមួយដែលមនុស្សជាច្រើនប៉ងប្រាថ្នា។
ដូច្នេះមន្ត្រីទាំងអស់ត្រូវបំពេញការងារដោយយកចិត្តទុកដាក់ មានវិន័យត្រឹមត្រូវខ្ជាប់ខ្ជួន ផ្ចិតផ្ចង់ក្នុងការងារ និងរៀនសូត្រដកស្រង់យកបទពិសោធន៍ការងារឱ្យបានកាន់តែច្រើន ដើម្បីភាពរីកចម្រើននៃសមត្ថភាពរបស់ខ្លួន និងប្រសិទ្ធភាពការងារ ព្រោះថាមន្ត្រីទាំងនេះ គឺជាសសរទ្រូងយ៉ាងរឹងមាំក្នុងកិច្ចការអភិរក្ស អភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ និងអាចក្លាយជាថ្នាក់ដឹកនាំស្ថាប័នអាជ្ញាធរជាតិអប្សរា នាពេលអនាគត៕