(ភ្នំពេញ)៖ លោក ទ្រី តៃហ៉ី មន្ត្រីគ្រប់គ្រងនៃផ្សារមូលបត្រកម្ពុជា (CSX) បានប្រកាសថា CSX នឹងផ្តល់មន្ត្រីជំនាញដើម្បីបើកសិក្ខាសាលា ដល់សាកលវិទ្យាល័យនានា ទូទាំងប្រទេសកម្ពុជា ប្រសិនបើសាកលវិទ្យាល័យនោះ ចង់ផ្តល់ចំណេះដឹងអំពីផ្សារភាគហ៊ុនសម្រាប់និស្សិតរបស់ខ្លួន។

លោក ទ្រី តៃហ៉ី បានថ្លែងបែបនេះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ក្នុងឱកាសដែល CSX បានរៀបចំសិក្ខាសាលាពិសេសសម្រាប់សាស្ត្រាចារ្យ ស្តីពី «ទីផ្សារមូលបត្រកម្ពុជា» នៅអគារ CSX ដោយមានការចូលរួមជាអធិបតីពីសំណាក់លោក HA Jong Weon អគ្គនាយករងនៃ CSX ។ សិក្ខាសាលា​នេះ ត្រូវបានចូលរូមដោយសាស្ត្រាចារ្យចំនួន៤៤រូប ដែលអញ្ជើញមកពីសាកលវិទ្យាល័យចំនួន៨ នៅក្នុងរាជធានីភ្នំពេញ។

មន្ត្រីគ្រប់គ្រង CSX រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ផ្សារ​មូលបត្រ​កម្ពុជា ​រីក​រាយ​ក្នុង​ការ​សហការ​ជាមួយ​សាកលវិទ្យាល័យ​នានា​ទូទាំង​ប្រទេស​កម្ពុជា​ ក្នុង​ការ​ផ្តល់​ចំណេះដឹង​ទាក់ទង​នឹង​វិស័យ​មូលបត្រ​ដល់​និស្សិត​។ ផ្សារ​មូលបត្រ​កម្ពុជា​អាច​ផ្តល់​មន្ត្រី​ជំនាញ​ ដើម្បី​ធ្វើ​សិក្ខាសាលា​ ឬ​បើក​ជា​ថ្នាក់​សិក្សា​ ដល់​សាកលវិទ្យាល័យ​ ដែល​មាន​ចំណាប់អារម្មណ៍​»

លោក ទ្រី តៃហ៉ី បានបញ្ជាក់ទៀតថា «លើស​ពី​នេះ​ទៅ​ទៀត​ ផ្សារ​មូលបត្រ​កម្ពុជា​ក៏​រីករាយ​ក្នុង​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ​ជាមួយ​សាកលវិទ្យាល័យ​ ដើម្បី​ឲ្យ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ លើ​វិស័យ​មូលបត្រ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​»

បើតាមលោក ទ្រី តៃហ៉ី មូលហេតុដែល CSX សម្រេចបែបនេះ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងក្នុងវិស័យមូលបត្រ និងបញ្ជ្រាបការយល់ដឹងនេះ ដល់​គ្រឹះស្ថានអប់រំនានា ជាពិសេសតាមសាកលវិទ្យាល័យ ដើម្បីឲ្យនិស្សិតកាន់តែមានចំណេះដឹងលើវិស័យនេះ។

ថ្លែងក្នុងពិធីនេះ លោកអគ្គនាយករងនៃ CSX បានឲ្យដឹងថា ផ្សារមូលបត្រកម្ពុជា កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទាក់ទាញក្រុមហ៊ុនបោះផ្សាយមូលបត្រ និងអ្នកវិនិយោគដែលមានសក្តានុពល ក្នុងគោលបំ​ណង​​អភិវឌ្ឍផ្សារមូលបត្រកម្ពុជា​ ឲ្យកាន់តែមានសកម្មភាពជួញដូរកាន់តែច្រើន។

លោក HA Jong Weon បានបន្ថែមថា កម្មវិធីនៅថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់ការយល់ដឹង ពីវិស័យមូលបត្រទៅដល់សាស្រ្តាចារ្យទាំងអស់ ដែលមានវត្តមាននៅទីនេះ និងសង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹងទាក់ទងនឹងវិស័យថ្មីមួយនេះ នឹងត្រូវបានផ្សព្វផ្សាយបន្ដទៅដល់សាធារណជន និងជាពិសេសនិស្សិតតាមសាកលវិទ្យាល័យនានាផងដែរ។

លោកអគ្គនាយករង ដែលជាជនជាតិកូរ៉េរូបនេះ ក៏ធ្លាប់បានប្រាប់ Fresh News ឲ្យដឹងដែរថា លោកនឹងធ្វើឲ្យផ្សារភាគហ៊ុននៅក្នុងប្រទេសកម្ពុជា មានសន្ទុះឡើងខ្លាំង នៅក្នុងរយៈពេល ៣ឆ្នាំទៀតែប៉ុណ្ណោ៕