(កណ្តាល)៖ លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង ខេត្តកណ្តាល បានដាស់តឿនដល់អាជ្ញាធរឃុំ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមស្រុកទាំងអស់ ត្រូវពិនិត្យឱ្យបានច្បាសមុននឹងចុះហត្ថលេខា លើលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រដែលប្រជាពលរដ្ឋមកពឹងពាក់ បើមិនទាន់ចុះបញ្ជីត្រឹមត្រូវ ទៅតាមជំនាញសូរិយោដី ដោយមាននិយាមការច្បាស់លាស់នោះ គឺមិនត្រូវចុះហត្ថលេខាជាដាច់ខាត។
ជាមួយគ្នានេះដែរលោក ញឹម វណ្ណឌិន ក៏បានលើកឡើងពីរបៀបវារៈសំខាន់ៗចំនួនពីរមកបន្ថែមក្នុងកិច្ចប្រជុំទី១៖ ផ្សព្វផ្សាយលិខិត របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់លិខិតលេខ១៩៧៤ ដនស/អសដភចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ និងទី២ លិខិតលេខ៦៣៤សជណ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកណ្តាល នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញ នៅសាលប្រជុំសាលាស្រុកស្អាង ខេត្តកណ្តាល។
នៅក្នុងកិច្ចប្រជុំនោះ លោក ញឹម វណ្ណឌិន បានថ្លែងថា រាល់ការបញ្ជាក់របស់ឃុំ និងមន្ត្រីជំនាញលើឯកសារផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី និងពុំមានប្លង់ទីតាំង និងនិយាមការច្បាស់លាស់ត្រឹមត្រូវ មិនត្រូវបញ្ជាក់ជូននោះទេ ត្រូវឲ្យពួកគាត់រៀបចំ មានឯកសារជាផ្លូវច្បាប់ រួចរាល់សិនចៀសវាងកើតបាតុភាពកើតឡើងដោយចោទប្រកាន់គ្នាអ្នកនេះយកដីអ្នកនោះ បង្កឲ្យមានបញ្ហាជាបន្តទៀតនោះ។
ជាមួយគ្នានោះលោកក៏ផ្តាំផ្ញើសូមឲ្យអាជ្ញាធរឃុំត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានហ្មត់ចត់នូវខ្លឹមសារ នៃលិខិតទាំងនេះ និងត្រូវផ្សព្វបន្ត ឲ្យបានទូលំទូលាយ ទៅដល់ដៃប្រជាពលរដ្ឋ ឬក៏អាចបិទផ្សាយតាមទីសារណ:នានា ឲ្យបានច្រើន និងខ្នងផ្ទះពលរដ្ឋ ដើម្បីឲ្យពួកគាត់បានដឹង និងជ្រោតជ្រាបជាសាធារណៈចៀសវាងពួករិះគន់ខណៈដែលយើង អនុវត្តមានការធ្វេសប្រហែសនោះ។
លោក ញឹម វណ្ណឌិន បានឱ្យដឹងថាកន្លងមានការស្នើសុំកាយព្រំដីហំព័ទ្ធដីជាច្រើនកន្លែងតែរដ្ឋបាលស្រុកមិនអនុញ្ញាតឱ្យទេព្រោះឯកសារដីខ្លះ ស្ថិតនៅស្រុកកណ្ដាលស្ទឹងតែដីនៅស្រុកស្អាង ករណីសំណើររបស់ឧកញ៉ា ឃុន ស៊ា ក្រុមការងាររបស់មន្ទីរដែនដី និងស្រុកស្អាង មិនបានដំណើរ ការវាស់វែងតាមបច្ចេកទេសបានទេដោយសារឯកសារ និងទីតាំងមិនស្របគ្នា មានទំនាស់ត្រួតគ្នាច្រើនម្ចាស់ និងតំបន់មានបឹងផងដែរ៕