(កំពង់ស្ពឺ)៖ សម្ដេចព្រះមហាសុមេធាធិបតីកិត្ដិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និងលោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននិមន្ត និងអញ្ជើញជាអធិបតីផ្ដល់ព្រះភ្លើងដល់ព្រះសព ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ ៣នៃព្រះ រាជាណាចក្រកម្ពុជា ទីប្រឹក្សាសាលាគណខេត្តកំពង់ស្ពឺ និងជាព្រះចៅអធិការវត្តតេជះភ្នំស្រង់ ។
សូមបញ្ជាក់ថា ព្រះសព ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី បានអនិច្ចកម្ម នៅថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១២:៤៥នាទី រំលងអធ្រាត្រ ក្នុងព្រះជន្មវស្សា ៥២ឆ្នាំ ដោយរោគាពាធ និងត្រូវបានតំកល់នៅលើឧបដ្ឋានសាលា វត្តតេជះភ្នំស្រង់ រហូតដល់ថ្ងៃ ព្រហស្បត្តិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ដង្ហែរព្រះសពទៅកាន់ឈាបនដ្ឋាន ដើម្បីប្រារព្ធឈាបនកិច្ចលុះព្រឹក ឡើងថ្ងៃសុក្រ ទី៣១ ខែ ឆ្នាំដដែល វេលាម៉ោង ៩:០០ព្រឹក រាប់បាត្រព្រះសង្ឃ ១០៨អង្គ ប្រគេនយាគូរព្រះសង្ឃ វេភត្តហារប្រគេនព្រះសង្ឃ និងដារឆ្លងជាកិច្ចបង្ហើយបុណ្យ។
ព្រះរូប ព្រះកាយរបស់ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី បានឃ្លាតឆ្ងាយពីយើងទាំអស់គ្នា ប៉ុន្ដែអ្វីៗដែលនៅសេសសល់ ពុំអាចរលត់រលាយទៅបាននោះ គឺការកសាងវត្ត សេចក្ដីល្អ អំពើល្អ កិត្ដិយស សេចក្ដីថ្លៃ ថ្នូរ ភាពសកម្មអំណត់ព្យាយាម ម៉ឺងម៉ាត់ក្នុងការងារ នៅតែស្ថិតនៅជាប់ក្នុងអារម្មណ៏ នៃយើងជានិច្ចកាល គ្មានថ្ងៃបំភ្លេចបានឡើយហើយយើងនិងរក្សានូវឧត្ដមគតិ មនសិការជាតិ និងគំរូវីរភាពដ៏ថ្លៃថ្លារបស់ព្រះអង្គឱ្យស្ថិតស្ថេរជានិរន្ដតទៅ។
ប្រវត្ដិព្រះហ្មបញ្ញា វ៉េង វុទ្ធី ចាប់តាំងពីបានបំពេញជាបព្វជិត ហើយព្រះអង្គបានខិតខំប្រឹងប្រែងបដិបត្ដិធម៏វិន័យព្រះសម្មាសម្ពុទ្ធមានព្រះត្រ័យបិដកជាគោល ហើយព្រះអង្គក៏ជាអ្នកសិក្សា ស្រាវជ្រាវ ផ្នែកត្រ័យភូមិ ត្រ័យវេទ ត្រ័យយុទ្ធ និងត្រ័យដារផងដែរ ហើយក៏បានខំប្រឹងប្រែង កសាងវត្ដតេជៈភ្នំស្រង់ ស្ថិតនៅឃុំស្រង់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ឱ្យក្លាយទៅជាទីសក្ការៈគោរពបូជាសម្រាប់មហាពុទ្ធបរិស័ទ គ្រប់ស្រទាបវណ្ណៈ។
វត្ដតេជៈភ្នំស្រង់នេះជាវត្ដថ្មីសុទ្ធក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃ និងប៊ិនប្រសព្វធ្វើឱ្យវត្ដនេះក្លាយទៅជាវត្ដដ៏អស្ចារ្យប្រកបដោយភាពល្បីល្បាញ និងក្រោមការជួយឧត្ថម្ភដោយជ្រះថ្លាផ្ទាល់ ពីព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា៕