(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ បានបន្តចុះថ្លែងអំណរគុណ​ប្រជាពលរដ្ឋ បញ្ចប់គ្រប់សង្កាត់ទាំង១៣ របស់ខណ្ឌដង្កោ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រមទាំងទទួលយក​សំណើ សំណូមពរ និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ក្នុងសង្កាត់សាក់សំពៅ។

លោកអភិបាលខណ្ឌ បានធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ​ប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី គាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសជាតិ ឲ្យបានរីកចម្រើនឡើង​ ដោយនៅក្នុងខណ្ឌដង្កោ​ ប្រជាពលរដ្ឋ​បានបោះឆ្នោតគាំទ្រគណបក្សប្រជាជន​​ទទួលបាន៧១,២១%​ ធៀបនឹងចំនួនអ្នកបោះឆ្នោតសរុប។

លោក នុត ពុធដារ៉ា ក៏​បានផ្តាំផ្ញើរការសាកសួរសុខទុក្ខ​ប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់​ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហាកង្វល់ និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន។

ថ្នាក់ដឹកនាំខណ្ឌដង្កោរូបនេះ ក៏បានប្តេជ្ញាចិត្តចំពោះ​ប្រជាពលរដ្ឋទាំងអស់ នឹងដោះស្រាយរាល់ការសន្យានានា ជាមួយពលរដ្ឋដែលនៅសេសសល់ មុនពេលបោះឆ្នោត ឲ្យបានចប់សព្វគ្រប់ដើម្បីជាការឆ្លើយតប នូវការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ លោកអភិបាល បានណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរទ្វេរដង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលជានិច្ចជាកាលតែងតែណែនាំ និងក្រើនរំលឹកដល់មន្ដ្រីរាជការជានិច្ច៕