(កោះកុង)៖ ដោយអនុវត្តន៍តាមការជូនដំណឹង របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ លោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុង និងមន្ត្រីមន្ទីរពាណិជ្ជកម្ម រួមទាំងមន្ត្រីសាលាក្រុង បានចុះប្រតិបត្តិការណ៍ ពិនិត្យស្វែងរកសារធាតុគីមី និងទប់ស្កាត់ការនាំចូល និងចែកចាយម៉្សៅទឹកដោះគោសម្រាប់ទារក Dumex Mamil Gold lnfant Milk Formula Step1 បន្ទាប់ពីអាជ្ញាធរកសិម្ហូបអាហារ និងបសុពេទ្យប្រទេសសិង្ហបុរីរកឃើញបាក់តេរី ដែលធ្វើប៉ះពាលដល់សុខភាពទារក។
លោក ជា នី បានឲ្យដឹងថា ក្រោយចុះពិនិត្យ ទៅលើម៉្សៅទឹកដោះគោប្រភេទនេះ និងទំនិញនានា ដែលអាជីវករដាក់តាំងលក់ និងចែកចាយបន្ត មន្ត្រីកាំកុងត្រូលមិនបានរកឃើញសារធាតុគីមី ឬបាក់តេរី និងផុតកំណត់ថ្ងៃខែឆ្នាំផលិតនោះទេ ពីព្រោះអាជីវករ និងប្រជាពលរដ្ឋ បានយល់ដឹងខ្ពស់ចំពោះបញ្ហានេះ។
លោកបានបន្ថែមថា នៅថ្ងៃនេះដែរ មន្រ្តីសាខាកាំកុងត្រូល បានធ្វើតេស្តបន្លែ ផ្លែឈើ ដែលអាជីវករនាំចូលពីប្រទេសថៃ តាមមាត់ច្រកទ្វារអន្តរជាតិចាំយាម ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយការធ្វើតេស្តនេះ បានបញ្ជាក់ថា មិនមានសារធាតគីមីនៅលើបន្លែ និងផ្លែឈើនោះឡើយ។
គួររំឭកថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានជម្រាបជូនដំណឹងដល់សាធារណជន ពាណិជ្ជករនាំចូល អាជីវករលក់ដុំ និងលក់រាយទាំងអស់មេត្តាជ្រាបថា អាជ្ញាធរកសិម្ហូបអាហារ និងបសុពេទ្យប្រទេសសិង្ហបុរី បានជូនដំណឹងអំពីការរកឃើញបាក់តេរី Cronobacter sakazakii នៅក្នុងគំរូផលិតផលម្សៅទឹកដោះគោសម្រាប់ទារក Dumex Mamil Gold Infant Milk Formula-Step1 ដែលមានប្រភពដើមនៅប្រទេសម៉ាឡេស៊ី និងនាំចូលដោយក្រុមហ៊ុន Danone Dumex។
អាជ្ញាធរសិង្ហបុរី បានផ្តល់ការណែនាំដល់ក្រុមហ៊ុន នាំចូលឱ្យប្រមូលត្រឡប់មកវិញនូវឡូតិ៍ផលិតផលដែលមានបញ្ហា និងផ្តល់ដំបូន្មានដល់អ្នកប្រើប្រាស់ សូមកុំប្រើប្រាស់ផ្តល់ជាអាហារសម្រាប់ទារក។ ការទទួលទានអាហារ ដែលមានចម្លងចូលបាក់តេរីនេះ បណ្តាលឲ្យមានជម្ងឺរលាកពោះវៀនធំ ពោះវៀនតូច រលាកស្រោមខួរក្បាល ។ល។ ហើយទារកដែលមានអាយុតិចជាង២ខែ (អាត្រា នៃការស្លាប់មានពី១០% ទៅ៨០%) និងជនដែលមានប្រព័ន្ធភាពស៊ាំនឹងការបង្កជម្ងឺមានលក្ខណៈទន់ខ្សោយ គឺជាជនងាយរងគ្រោះបំផុត។
ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចប៉ះពាល់ ដល់សុខភាពជាយថាហេតុ អគ្គនាយកដ្ឋានកាំកុងត្រូល សូមអំពាវនាវដល់សាធារណជន សូមកុំទិញផលិតផលដែលមានអត្តសញ្ញាណ ដូចបានជម្រាបជូនខាងលើ និងសូមជួយសហការផ្តល់ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ។
លេខទូរស័ព្ទទំនាក់ទំនង៖ ខ្សែទី១៖ ០១២ ២៧៨ ៧៨៩, ខ្សែទី២៖ ០៩២ ៩៩៩ ៨៦៧, និងខ្សែទី៣៖ ០១២ ៩៨៥ ៥៧៧ ៕