(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានឲ្យដឹងថា ភ្នាក់ងារសន្ដិសុខឯកជន បានចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការបង្ការ បង្ក្រាបបទល្មើសជាង២,០០០ករណី នៅតាមគោលដៅសំខាន់ៗ ដែលពួកគេបានយាមកាម។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ភ្នាក់ងារសន្ដិសុខឯកជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ក្រៅអំពីភារកិច្ចរបស់ខ្លួនដែលឈរជើងនៅតាមគោលដៅគ្រឹះស្ថានឯកជន ដែលការចូលរួមចំណែកនេះ គឺពិតជាមានសារសំខាន់ ក្នុងការបំពេញភារៈកិច្ចរបស់ខ្លូនជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
ក្នុងពិធីបើកវគ្គបំប៉នជំនាញភា្នក់ងារសន្ដិសុខឯកជន លើកទី៦ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ដែលចូលរួមពីភ្នាក់ងារសន្ដិសុខ ប្រមាណ២០០នាក់ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា បើទោះបីក្រុមហ៊ុនសន្ដិសុខឯកជនផ្ដល់សេវា និងសហគ្រាសគ្រឹះស្ថានជ្រើសរើស ភ្នាក់ងារសន្ដិសុខឯកជន ភាគច្រើនមានការគ្រប់គ្រង និងជោគជ័យបានល្អប្រសើររបស់ខ្លួនក្ដី ប៉ុន្ដែក៏ទទួលរងគ្រោះដោយសារ សន្ដិសុខមួយចំនួន ដែលឈរជើងការពារតាមគោលដៅ បានប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌ និងសមគំនិតប្រព្រឹត្តបទល្មើសផងដែរ។
ហេតុនេះហើយ ទើបនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន រៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងសំខាន់ គឺកសាងសមត្ថភាព បង្កើនចំណេះដឹង ផ្ដល់បទពិសោធន៍បច្ចេកទេស ដែនកំណត់ភារៈកិច្ចទទួលខុសត្រូវ កិច្ចសហការផ្ដល់កម្លាំងជំនួយរវាងសន្ដិសុខឯកជន និងអាជ្ញាធរមានសមត្ថកិច្ច សម្ដៅធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារសន្ដិសុខសង្គម ជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសរំលេចថា ភ្នាក់ងារសន្ដិសុខឯកជន មិនត្រូវធ្វើអ្វីឲ្យលើសពីតួនាទីរបស់ខ្លួនឡើយ ហើយត្រូវសម្រួល សហការជាមួយសមត្ថកិច្ចគ្រប់ពេលវេលា ហើយការរារាំងណាមួយ ឬការអនុវត្តតួនាទីលើសពីភារៈកិច្ចរបស់ខ្លួនអាចនាំឲ្យកើតមានជាបទល្មើសផ្សេងមួយទៀត ព្រោះតួនាទីភារកិច្ច និងដែនសមត្ថកិច្ចរបស់ភា្នក់ងារសន្ដិសុខឯកជន ត្រូវស្ថិតក្នុងក្របខ័ណ្ឌច្បាប់។
យ៉ាងណាមិញ លោកប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន សង្ឈឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ត្រង់ត្រាប់ស្ដាប់វាលឃ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជាមានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សាធារណៈ និងសង្គមជាតិទាំងមូល៕