(ភ្នំពេញ)៖ លោក លួស សីហា ប្រធានសមាគមកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអះអាងថា មានបុគ្គល២រូប បានរៀបចំផែនការបំបែកបំបាក់ផ្ទៃក្នុងសមាគមរបស់លោក តាមរយៈការញុះញង់ បំភិតបំភ័យ និងគំរាមកំហែងជាដើម។
ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ លោក លួស សីហា បានលើកឡើងថា សមាគមកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា (CAID) គឺជាសមាគមតែមួយគត់ ដែលបានទទួលសិទ្ធិពីសាលារាជធានីភ្នំពេញ ក្នុងការចុះកិច្ចសន្យាសម្បទាន ជាមួយនឹងក្រុមហ៊ុន SCA /CAMS ដើម្បីធ្វើអាជីវកម្មដឹកអ្នកដំណើរដោយម៉ូតូកង់បី នៅក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញអស់រយៈពេល៣ អាណត្ដិមកហើយ ពោលគឺចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៨ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
លោកបន្តថា សម្រាប់អាណត្តិទី៤ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ សមាគមរបស់លោក ក៏ទទួលបានការព្រមព្រៀងបន្តកិច្ចសន្យាសម្បទានសេវាកម្មម៉ូតូកង់បី ជាមួយក្រុមហ៊ុន SCA រួចរាល់ហើយដែរ។ ប៉ុន្ដែនៅមុនពេលចាប់ផ្ដើមអនុវត្ដកិច្ចសន្យាអាណត្តិថ្មី មានឈ្មោះ ពា វ៉ាន់ថន ជាសមាជិកបើកបរម៉ូតូកង់បី ហើយត្រូវជាប្អូនធម៌របស់លោក សៅ វឌ្ឍនា ជានាយកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានឃុបឃិតគ្នារៀបចំផែនការបំបែកបំបាក់ផ្ទៃក្នុង សមាគមរបស់លោក តាមរយៈការញុះញង់ បំភិតបំភ័យ ធ្វើឲ្យមានជម្លោះផ្ទៃក្នុងសមាគម ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ។
ចំពោះការចោទប្រកាន់នេះត្រូវបានលោក ពា វ៉ាន់ថន អតីតសមាជិកសមាគមកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចេញមុខមកបដិសេធ។ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា រូបលោក ក៏ដូចជាសមាជិកផ្សេងទៀត នៅក្នុងសមាគមពុំមានការឈ្លោះប្រកែក ឬក៏មានការគំរាមកំហែងគ្នានោះទេ គឺស្រលាញ់រាប់អានគ្នាដូចធម្មតា។ លើសពីនេះទៀតលោក ពា វ៉ាន់ថន បានចោទទៅលោក លួស សីហា វិញថា មិនបានគោរពលក្ខខណ្ឌរបស់សមាគម ទើបនាំឲ្យមានបញ្ហារហូតមកដល់ពេលនេះ។
យ៉ាងណាក៏ដោយក្រុមអ្នករត់ម៉ូតូកង់បី នៅក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញចំនួន ៥៧រូប បានអំពាវនាវ និងស្នើសុំឲ្យថ្នាក់ដឹកនាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញឲ្យពួកគាត់អាចប្រកបមុខរបបនេះបន្តទៀត បើទោះបីជាមានបញ្ហាផ្ទៃក្នុង នៅក្នុងសមាគមកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ដោយ៕