(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាចំនួន៣រូប ដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនចេញទៅបំពេញបេសកកម្មការទូតប្រចាំសាធារណរដ្ឋហ្វីលីពីន ប្រទេសជប៉ុន និងប្រទេសប៊ែលហ្សិក។
ក្នុងជំនួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា ឯកអគ្គរាជទូតថ្មីទាំង៣រូបខាងលើ បានទទួលនូវអនុសាសន៍ណែនាំជាច្រើនពីសម្ដេចប្រធានព្រឹទ្ធសភា។
ឯកអគ្គរាជទូតថ្មីទាំង៣នោះ រួមមាន៖ លោក អ៉ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន លោក ឡេង ចាន់វីរៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋហ្វីលីពីន និងលោក ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ែលហ្សិក៕