(ភ្នំពេញ)៖ កីឡាករបាល់ទាត់ វ័យក្មេងរបស់កម្ពុជា ដែលមានទេពកោសល្យ២រូប ត្រូវបានជ្រើសរើសឲ្យចូលរួម ក្នុងកម្មវិធីបោះជំរំហ្វឹកហាត់បាល់ទាត់ MILO Camp រយៈពេល៤ថ្ងៃ ដែលនឹងទទួលបានការបណ្តុះបណ្តាល ដោយគ្រូបង្វឹកមកពីប្រទេសថៃ និងមកពីក្លឹប FC Barcelona ជាក្លឹបបាល់ទាត់មួយ ដែលការប្តេជ្ញាចិត្ត របស់ក្លឹបនេះ ដើម្បីចូលរួមអភិវឌ្ឍយុវជន តាមរយៈវិស័យកីឡា។
ផ្តើមចេញពីការ បង្កើតភាពជាដៃគូរវាង ម៉ៃឡូ នៃក្រុមហ៊ុន Nestlé និង FC Barcelona ការបោះជំរំហ្វឹកហាត់នេះ គឺជាឱកាសថ្មី និងវិសេសវិសាលមួយទៀត សម្រាប់កីឡាករវ័យក្មេងចំនួន៥២នាក់ ដើម្បីមានឱកាស បានរៀនសូត្រ ពីគ្រូបង្វឹកក្លឹប FC Barcelona លំដាប់ថ្នាក់ពិភពលោក ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅឯកម្មវិធីបោះជំរំ MILO Camp ដែលការបោះជំរំនេះ នឹងត្រូវធ្វើឡើងនៅក្លឹប PTT Bluewave Chonburi Futsal Club ក្នុងខេត្ត Chonburi ប្រទេសថៃ។
ដោយមានការគាំទ្រពី ម៉ៃឡូ អត្តពលិកកម្ពុជាទាំង២រូបនេះ នឹងធ្វើដំណើរទៅប្រទេសថៃ ជាមួយតំណាងចូលរួមមកពីក្រសួងអប់រំ យុវជន និងកីឡា និងសហពន្ឋកីឡាបាល់ទាត់កម្ពុជា។ ម៉ៃឡូ គឺជាស្ថាប័នដ៏សកម្មមួយក្នុងការ លើកកម្ពស់វិស័យកីឡា នៅក្នុងប្រទេសកម្ពុជា ហើយតែងតែបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការឧបត្ថម្ភជាសម្ភារ និងសម្លៀកបំពាក់កីឡា គ្រឿងបរិក្ខារកីឡា និងសម្ភារសិក្សាជាច្រើនទៀត។
លោក អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា លោកពិតជាសប្បាយចិត្តណាស់ ដែលបានឃើញអត្តពលិកកម្ពុជា ត្រូវបានផ្តល់ឱកាសឲ្យចូលរួម ក្នុងកម្មវិធីនេះ ជាលើកដំបូង។ លោកបាននិយាយថា «បាល់ទាត់ ជាកីឡាមួយប្រភេទ ដែលកំពុងមានការរីកចម្រើនខ្លាំង នៅក្នុងប្រទេសកម្ពុជា និងត្រូវបានជ្រើសរើស ជាប្រភេទកីឡាម្យ៉ាង សម្រាប់បង្រៀនក្មេងៗនូវ បំនិនជីវិតសំខាន់ៗ ជាច្រើន»។
លោក អ៊ុក សិទ្ធីជាតិ បានលើកឡើងថា «យើងមានបំណងលើកទឹកចិត្ត គ្រប់ការអភិវឌ្ឍន៍ទាំងអស់ នៅក្នុងវិស័យនេះ ហើយក៏ចង់ឃើញកីឡាករកម្ពុជា ត្រូវបានផ្តល់ឱកាសក្នុងការអភិវឌ្ឍជំនាញរបស់ពួកគេ ក្រោមការបង្ហាត់ បង្រៀនកម្រិតខ្ពស់បំផុត បែបនេះផងដែរ»។ លោកបន្ដថា «យើងសង្ឃឹមថា តាមរយៈការចូលរួមគាំទ្រអត្តពលិកវ័យក្មេងទាំងនេះ ដោយសារតែជំនាញ និងអត្តចរិករបស់ពួកគេបានផងនោះ នឹងធ្វើឲ្យពួកគេទទួលបានភាព រីកចម្រើន និងជោគជ័យជាបន្តទៀត នេះក៏ដោយសារ ការគាំទ្ររបស់ ម៉ៃឡូ ផងដែរ សូមអរគុណ ម៉ៃឡូ»។
កម្មវិធីហ្វឹកហាត់នេះ អាចកើតមានឡើង ក៏ដោយសារភាពជាដៃគូរវាង ម៉ៃឡូ នៃក្រុមហ៊ុន Nestlé និង FC Barcelona ដែលបានបង្កើតឡើង ដើម្បីជំរុញ និងលើកទឹកចិត្តកុមារ នៅទូទាំងពិភពលោកទាំងអស់ ឲ្យចូលរួម លេងកីឡាឲ្យបានច្រើន និងដើម្បីជួយលើកតម្កើង និងឲ្យតម្លៃដល់ក្លឹប FC Barcelona ចំពោះការខិតខំប្រឹងប្រែង ការគោរព ការធ្វើការងារជាក្រុម ការចេះបន្ទាបខ្លួន និងមហិច្ឆិតា ដែលផ្តល់ឲ្យពួកគេ នូវការចាប់ផ្តើម ប្រឈមទៅនឹងបញ្ហា ហើយរៀនពីរបៀបដោះស្រាយ បញ្ហាទាំងអស់នោះ នៅក្នុងជីវិតរបស់ពួកគេ។
កម្មវិធីនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ដើម្បីផ្តល់ឱកាស និងបណ្តុះបណ្តាលដល់កុមាររាប់ពាន់នាក់ ដែលមកពីបណ្តាប្រទេសនានា នៅទូទាំងពិភពលោក ដែលត្រូវបានបង្កើតយ៉ាងសម្រិតសម្រាំងបំផុត ដោយ ម៉ៃឡូ ដើម្បីជួយសម្រួចនូវរបៀប នៃការលេងកីឡាសម្រាប់កុមារភាព ដែលវាជំរុញកុមារឲ្យកាន់តែមានភាពរឹងមាំផ្នែករាងកាយ និងមានភាពរហ័សរហួន តាមរយៈការផ្តល់ឲ្យពួកគេនូវអត្ថប្រយោជន៍ជាច្រើន ពីឱកាសដ៏ពិសេសនេះ ដើម្បីរីករាយទទួលយកការហ្វឹកហ្វឺន កម្រិតពិភពលោកដ៏ស្រួចស្រាល់មួយនេះ។
ថ្លែងនៅក្នុងពិធីសម្ពោធ MILO Futsal 2018 Road to Barcelona tournament កាលពីដើមឆ្នាំនេះ លោក Xavier Closas ដែលជាប្រធានគ្រូបង្វឹកក្លិបបាល់ទាត់ Barcelona បានបញ្ជាក់ឲ្យដឹងថា «នៅក្លឹបបាល់ទាត់ Barcelona យើងជឿថា កុមារនឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើន តាមរយៈការរៀនសូត្រពីតម្លៃនៃកីឡា រួមមាន៖ កិច្ចខិតខំប្រឹងប្រែង ការគោរពខ្លួនឯង ការគោរពដល់ដៃគូប្រកួតប្រជែង និងការគោរពវិន័យការងារ ឬការប្រកួត ការចេះធ្វើការងារជាក្រុម ការចេះបន្ទាបខ្លួន និងការជឿជាក់ ក្នុងការសម្រេចឲ្យបានបាននូវមហិច្ឆតារបស់ពួកគេ។
«យើងពិតជាសប្បាយរីករាយណាស់ ក្នុងការនាំយកគ្រូបង្វឹក ដែលមានជំនាញវិជ្ជាជីវៈពីក្លឹប FC Barcelona ដើម្បីផ្តល់នូវបទពិសោធបង្វឹកថ្នាក់ពិភពលោក នៅជំរំ ម៉ៃឡូ សម្រាប់កីឡាករវ័យក្មេងទាំង៥២នាក់ ហើយបន្ទាប់ ទៀត យើងក៏សូមស្វាគមន៍កីឡាករវ័យក្មេង ចំនួន៨នាក់ ដែលនឹងត្រូវជ្រើសរើស ដើម្បីបន្តអភិវឌ្ឍជំនាញបាល់ទាត់ របស់ពួកគេរយៈពេល២ថ្ងៃទៀត នៅ Barca Academy រួមជាមួយយុវជន ដែលត្រូវបានជ្រើសរើស ពីគម្រោង ម៉ៃឡូ នៅតាមបណ្តាប្រទេសដទៃទៀត»។
«យើងមានទំនុកចិត្តថា នេះនឹងក្លាយជាពេលវេលាដ៏ល្អបំផុតមួយ នៅក្នុងជីវិតរបស់ពួកគេ ហើយនឹងជំរុញពួកគេឲ្យមានការរីកចម្រើនបន្ថែមទៀត ជាមួយវិស័យកីឡា»។ នេះជាការគួសបញ្ជាក់បន្ថែមរបស់ លោក Xavier Closas ប្រធានគ្រូបង្វឹកក្លិបបាល់ទាត់ Barcelona។
សូមជម្រាបថា ក្រុមអត្តពលិក និងតំណាងក្រសួង បានចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ដើម្បីទៅចូលរួមកម្មវិធីបើកជាផ្លូវការ នៅខេត្ត Chonburi ចាប់ផ្តើមពីថ្ងៃទី៣០ ខែសីហាតទៅ។ ការហ្វឹកហាត់ផ្លូវការ នឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែសីហា ដោយមានគ្រូបង្វឹកមកពីប្រទេសថៃ រួមជាមួយនឹងគ្រូបង្វឹកនាំមុខគេ មកពីក្លឹប FC Barcelona៕