(ភ្នំពេញ)៖ សពអតីតថៅកែសណ្ឋាគារ ឆាយ ហុង ដែលបានបើកម៉ូតូទឹកទើបនឹងទិញ រួចជិះលំហែកាយតាមដងទន្លេមេគង្គ រួចធ្លាក់ទឹកទន្លេលិចបាត់រយៈពេល ៤យប់ ៥ថ្ងៃមកហើយនោះ ត្រូវបានរកឃើញនៅម្តុំទីតាំងបាត់ខ្លួន នៅវេលាម៉ោង ៦៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមដងទន្លេមេគង្គ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះដែលធ្លាក់ទឹកស្លាប់នោះមានឈ្មោះ ហុក ប៊ុនហ៊ុយ ហៅតាហ៊ុយ ភេទប្រុស អាយុ៤៨ឆ្នាំ ជាអតីតថៅកែសណ្ឋាគារ ឆាយ ហុង និងបច្ចុប្បន្នជាថៅកែហាងគុយទាវមួយកន្លែងមានយីហោឈ្មោះ អនាម័យភ្នំពេញ នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅល្ងាចថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨ អតីតថៅកែសណ្ឋាគាររូបនោះ បានបើកម៉ូតូទឹកខ្លះហៅថា អូប៊័រ ដែលទើបតែទិញក្នុងតម្លៃ ៧ពាន់ដុល្លារ មកលំហែកាយតាមដងទន្លេ។ ដោយមិនដឹងជាមូលហេតុអ្វីនោះទេ នៅពេលបើកបរ ក៏បានធ្លាក់ទឹកលិចបាត់ ហើយម៉ូតូទឹក ក៏បានអណ្តែតតាមទឹកចូលមកខាងច្រាំងទន្លេ។ សមត្ថកិច្ចក៏បានយកម៉ូតូទឹកមករក្សាទុក ដោយនៅក្នុងឃ្លុបម៉ូតូទឹកនោះ គេរកឃើញទូរសព្ទ័ដៃសេរ៊ីទំនើបចំនួន ២គ្រឿងប៉ុណ្ណោះ។ ក្រោយមក ក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងបាននាំគ្នាជួលទូក ជួយដើររកតាំងពីថ្ងៃបាត់ខ្លួនមកម្លេះ តែរកមិនឃើញ។
លុះដល់ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៦៖៣០នាទីព្រឹក មានបងប្អូនអ្នកនេសាទត្រីជនជាតិខ្មែរឥស្លាម ដែលក្រុមគ្រួសាររងគ្រោះ បានជួលឲ្យស្វែងរកសពនោះ បានប្រទះឃើញសពអតីតថៅកែសណ្ឋាគារ ឆាយ ហុង នៅក្នុងភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ចម្ងាយប្រហែល ៥០០ម៉ែត្រ ពីកំពង់ដរក្តីចាស់ រួមក៏បានរាយការណ៍ការទៅប្រធានប្រជាការពារភូមិល្វា ឲ្យផ្តល់ដំណឹងនេះទៅសមត្ថកិច្ចសង្កាត់កោះដាច់ ចុះមកកន្លែងកើតហេតុ និងបានទាក់ទងទៅសាច់ញាតិជនរងគ្រោះ។
ក្រោយមក សមត្ថកិច្ចសង្កាត់កោះដាច់ បានឲ្យអ្នកនេសាទដឹកយកសាកសពអតីតថៅកែសណ្ឋាគារ ឆាយ ហុង ខាងលើ មកដាក់នៅក្នុងវត្តបាក់ខែង ដើម្បីរង់ចាំសាច់ញាតិមកទទួល និងយកទៅធ្វើបុណ្យតាមប្រពៃណី៕