(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី «សេចក្តីព្រាងផែនការ យុទ្ធសាស្រ្តគ្រប់គ្រង ព្រៃផ្តល់ផល» នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានសហការរៀបចំឡើង ដោយរដ្ឋបាលព្រៃឈើ ជាមួយអង្គការ UNDP និងមានការ ចូលរួមពីសំណាក់លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកតំណាងឲ្យអង្គការ UNDP អស់លោក-លោកស្រី និងដៃគូអភិវឌ្ឍជាច្រើនរូបទៀត។ជារួមអង្គសិក្ខាសាលានេះ មានគោលបំណងសំខាន់គឺ រួមមាន៖

ទី១៖ តាមដានពីវឌ្ឍនភាព នៃការរៀបចំឯកសារផែនការ យុទ្ធសាស្រ្តគ្រប់គ្រង ព្រៃផ្តល់ផលឆ្នាំ២០១៨-២០៣២ និងទី២៖ ស្វែងរកធាតុចូល ពីគ្រប់តួអង្គពាក់ព័ន្ធទាំងចំណេះដឹង បទពិសោធន៍ និងអនុសាសន៍ល្អៗ រួចដាក់ បញ្ចូល ទៅក្នុងសេចក្តីព្រាងនេះ ប្រយោជន៍ដើម្បីកែសម្រួល ឲ្យបានកាន់តែល្អប្រសើរថែមទៀត ទាំងជាលក្ខណៈច្បាប់ និងបច្ចេកទេសរួចដាក់ ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ និងអនុម័ត។

នាឱកាសនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ អង្កការ UNDP និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង សម្របសម្រួល និងឧបត្ថម្ភគ្រប់បែបយ៉ាងអស់ពីលទ្ធភាព និងរួមសហការគ្នាបានល្អធ្វើឲ្យអង្គសិក្ខាសាលាដ៏មានសារៈសំខាន់ ប្រព្រឹត្តបានយ៉ាងល្អប្រសើរនាថ្ងៃនេះ។

លោក វេង សាខុន ក៏បានលើកយកចំណុចសំខាន់ៗ នៃវិស័យព្រៃឈើ មកបញ្ជាក់ជូនអង្គសិក្ខាសាលាជ្រាប ដោយសង្ខេប ជាបន្តបន្ទាប់ថា ព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារថែរក្សាលំនឹងបរិស្ថាន ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។

យល់ឃើញពីអត្ថប្រយោជន៍ នៃធនធានព្រៃឈើជាតិ ដែលមិនអាចកាត់ថ្លែបាន រាជរដ្ឋាភិបាលបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ បន្តធ្វើសកម្មភាពកំណែទម្រង់ស៊ីជម្រៅ លើវិស័យព្រៃឈើតាមយៈការដាក់ចេញនូវគោលនយោបាយ និងបទបញ្ជាជាបន្តបន្ទាប់ ក្នុងគោលបំណងសំខាន់គឺ៖

ទី១៖ ការគ្រប់គ្រងធនធានព្រៃឈើ ប្រកបដោយនិរន្តរភាពតាមរយៈការត្រួតពិនិត្យ លើការធ្វើអាជីវកម្មព្រៃឈើ ការថែរក្សាព្រៃបម្រុងទុកសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងរក្សាបាននូវតំបន់ដីសើម ដែលជាដែនជម្រកមច្ឆជាតិ ទី២៖ ការពារធនធានធម្មជាតិ ជីវចម្រុះ និងប្រភេទរុក្ខជាតិ និងសត្វព្រៃ ដែលរកកលជិតផុតពូជ

ទី៣៖ អភិវឌ្ឍសហគមន៍ព្រៃឈើ ប្រកបដោយតម្លាភាព និរន្តរភាព តាមរយៈការអភិវឌ្ឍនៅនឹងកន្លែង ដោយប្រជាសហគមន៍នៅមូលដ្ឋានផ្ទាល់ សមស្របទៅតាមសក្តានុពលនៅតាមភូមិសាស្រ្តនីមួយៗ

ជាពិសេសការអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយការពឹងផ្អែកទាំងស្រុងលើផល និងអនុផលព្រៃឈើ ការកាប់ទន្ទ្រានរានដីព្រៃធ្វើចំការ រួចឈានទៅធ្វើការ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។ទោះជាយ៉ាងណា វិស័យព្រៃឈើ បាននិងកំពុងប្រឈមជាមួយបញ្ហាធំៗ ជាច្រើនដូចជា៖

* ការថយចុះទំហំផ្ទៃដីព្រៃឈើ ដែលបណ្តាលមកពីកំណើនតម្រូវការដីកសិកម្ម ស្របទៅនឹងកំណើនប្រជាជន
* ការរីកលូតលាស់ ផ្នែកសេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ កសិកម្មខ្នាតតូច និងមធ្យម
* ការកាប់ព្រៃទន្ទ្រានយកដី ធ្វើជាកម្មសិទ្ធិខុសច្បាប់
* ការកំណត់ព្រំរវាងតំបន់ព្រៃឈើ និងព្រៃផ្តល់ផលនៅមិនទាន់ច្បាស់លាស់ ប្រសិទ្ធភាព នៃការអនុវត្តច្បាប់ស្តីពី ព្រៃឈើនៅមានកម្រិត និងគម្លាតធំរវាងការផ្គត់ផ្គង់
* ការប្រើប្រាស់ឈើ ផលិតផលឈើ និងអនុផលព្រៃឈើជាដើម -ល-។

ផ្តើមចេញពីបញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានដាក់ចេញនូវកម្មវិធីកែទម្រង់វិស័យព្រៃឈើ ដែលក្នុងនោះ មានផែនការសកម្មភាពសំខាន់ៗ ជាច្រើនរួមមាន៖

* ការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ
* ការបង្កើត និងពង្រឹងសហគមន៍ព្រៃឈើ
* ការអនុវត្តវិធានការយ៉ាងម៉ឺងមាត់ ក្នុងការគ្រប់គ្រង និងទប់ស្កាត់បទល្មើសព្រៃឈើ
* ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងព្រៃបម្រុងទុក
* ការបង្កើតតំបន់ព្រៃសម្រាប់អភិរក្សធនធានពន្ធុរុក្ខជាតិ និងសត្វព្រៃ ព្រមទាំងបោះបង្គោលព្រំប្រទល់ព្រៃបម្រុងទុកអចិន្ត្រៃយ៍
* ការបណ្តុះកូនឈើ នៅតាមស្ថានីយផ្សព្វផ្សាយ
* ការដាំកូនឈើនៅតំបន់ស្ដារព្រៃឈើឡើងវិញ និងទីតាំងផ្សេងៗ

ពិសេសការរៀបចំពិធី «រុក្ខទិវា» ជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាមហាជនទាំងអស់ ឲ្យចូលរួមដាំដើមឈើ ថែរក្សា ការពារធនធានព្រៃឈើ និងជីវចម្រុះ ដែលជាមរតកដ៏មានតម្លៃ សម្រាប់មនុស្សជាតិទាំងមូល។
ពិតណាស់ សមិទ្ធផលដែលសម្រេចបាន គឺជាភាពជោគជ័យនៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ដោយឡែក សេចក្តីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រងព្រៃ ផ្តល់ផលដែលយើងកំពុងរៀបចំ ធ្វើនាពេលនេះ គឺក្នុងគោលបំណង រួមមាន៖

* បង្កើន និងពង្រឹងសមត្ថភាពគ្រប់គ្រងព្រៃផ្តល់ផល ឲ្យមាននិរន្តរភាពនាពេលអនាគត ដើម្បីរួមចំណែក

កាត់បន្ថយភាពក្រីក្រ

* បង្កើនកម្រិតជីវភាព របស់ប្រជាសហគមន៍ រក្សាកំណើនសេដ្ឋកិច្ច និងអេកូឡូស៊ីរបស់ព្រៃផ្តល់ផល

* ពង្រីកជំនួញផលិតផលព្រៃឈើ ដោយឈរលើគោលការណ៍ច្បាប់ទាំងថ្នាក់ជាតិ និងអន្តរជាតិ

* ពង្រឹងអភិបាលកិច្ចព្រៃឈើ អភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ជំរុញឲ្យមានការចូលរួមពីសហគមន៍ គាំទ្រការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព

* ពង្រឹងកិច្ចសហការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។

លោករដ្ឋមន្រ្តី បានផ្តាំផ្ញើឲ្យសមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងមូល យកអស់ប្រាជ្ញាស្មារតី ចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីធ្វើការពិនិត្យឲ្យបានល្អិតល្អន់ និងស៊ីជម្រៅលើធាតុចូលសំខាន់ៗ ដែលបានលើកឡើង ក្នុងសេចក្តីព្រាងលើកទី៥ ស្តីពី ផែនការយុទ្ធសាស្រ្តគ្រប់គ្រងព្រៃផ្តល់ផលនេះ និងជាពិសេសចំណុចសំខាន់ៗ ដែលត្រូវពិនិត្យពិចារណា និងផ្តល់យោបល់ ឲ្យបានទូលំទូលាយស៊ីជម្រៅជាងគេនោះគឺ៖

ទី១៖ ភាពស្របគ្នាទៅនឹង គោលនយោបាយព្រៃឈើជាតិ និងបទប្បញ្ញត្តិនានា របស់រាជរដ្ឋាភិបាលកម្ពុជា
ទី២៖ ការលើកឡើងនូវគោលដៅយុទ្ធសាស្រ្ត និងសកម្មភាពរួមទាំងគម្រោងហិរញ្ញប្បទាន ក្នុងការដោះស្រាយឧបសគ្គ ដែលកើតឡើងក្នុងការគ្រប់គ្រងព្រៃផ្តល់ផល

ទី៣៖ សមត្ថភាព និងធនធានរបស់ស្ថាប័ន ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ត ឲ្យបានសមស្របតាមនីតិវិធី
និងទី៤៖ បញ្ហាប្រឈមនានា ដែលអាចជាឧបសគ្គ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តនេះ៕