(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ បានចាត់ទុកការឃោសនាទាំងឡាយរបស់ក្រុមប្រឆាំង ដើម្បីរារាំងដល់សកម្មភាពនានា នៅក្នុងប្រទេសកម្ពុជា ទៅនឹងសុភាសិតខ្មែរដែលថា « ឆ្កែចេះតែព្រុស មនុស្សចេះតែដេីរ»។
ការលើកឡើងបែបនេះ របស់អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលកំពុងរត់គេចទៅក្រៅប្រទេស និងក្រុមប្រឆាំងមួយចំនួន បានឃោសនាផ្សព្វផ្សាយបំភាន់សាធារណជនថា លោក កឹម សុខា នឹងត្រូវដោះលែងនៅថ្ងៃនេះ ឬឃោសនាថានឹងមានការចរចានយោបាយនៅពេលខាងមុខ រួមទាំងរំពឹងថានឹងមានការបោះឆ្នោតឡើងវិញផងដែរ។
លោក សុខ ឥសាន បានពន្យល់ថា៖ «ប៉ុន្មានថ្ងៃកន្លងទៅនេះមានជនមួយចំនួនបាននាំគ្នានិយាយពីមាត់មួយទៅមាត់មួយថា នៅពេលតុលាការបេីកសវនាកាករណី កឹម សុខា នាថ្ងៃទី៣០ ខែសីហា១៨នេះ នោះនឹងមានការដោះលែង កឹម សុខា ដោយពួកគេកែនគ្នាទៅរង់ចាំទទួលស្វាគមន៍ កឹម សុខាទៀតផង។ តែធាតុពិត មិនមានការដោះលែងដូចការនិយាយបំផុសជាពាក្យចចាមអារ៉ាម និងការវិភាគពីទំនោរចង់ដោះលែងនោះឡេីយ។សំណុំរឿងរបស់ កឹម សុខា កំពុងស្ថិតនៅក្នុងដំណេីរការនីតិវិធីរបស់តុលាការនៅឡេីយ»។
លោកបានបន្តទៀតថា «មានមជ្ឈដ្ឋានប្រឆាំងមួយចំនួននិយាយថា នាពេលខាងមុខនឹងមានការចរចានយោបាយដេីម្បីឲ្យមានការរស់ឡេីងវិញនៃអតីតៈបក្សប្រឆាំង។ តែធាតុពិត អ្វីៗមិនស្ថិតនៅលេីការនិយាយនោះទេ ពីព្រោះអតីតៈបក្សប្រឆាំងត្រូ វបានតុលាការកំពូលរំលាយចោលរួចហេីយ តាមសាលដីការស្ថាពរនិងបិទផ្លូវតវ៉ា កាលពីច្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ម៉្លេះ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្ថែមថា «ចំណែកការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹ៑ទ្ធសភា និងការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៦ ក៏បានដំណេីរការប្រកបដោយជោគជ័យរួចហេីយ អត់មានបកថយក្រោយវិញជាដាច់ខាត។ ដូច្នេះនិន្នាកាចង់ឲ្យមានការបោះឆ្នោតទាំង២ឡេីងវិញ គឺអត់ផ្លូវទេ»។
សូមបញ្ជាក់ថា បន្ទាប់ពីឈ្នះនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា នឹងបើកកិច្ចប្រជុំរដ្ឋសភាជាលើកដំបូង នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ហើយរាជរដ្ឋាភិបាលអាណត្តិទី០៦ ដែលបន្តដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏នឹងបង្កើតឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ផងដែរ។
លោក សុខ ឥសាន បានបញ្ជាក់ទៀតថា «ការប្រជុំដំបូងរដ្ឋសភា រៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងការផ្តល់សេចក្តីទុកចិត្តលេីរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក ដោយគ្មានការកែប្រែជាដាច់ខាត»៕