(សៀមរាប)៖ ថ្ងៃទី៣០ សីហា ឆ្នាំ២០១៨ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ប្រកាសបើកវគ្គបណ្តុះបណ្តាល២ថ្ងៃ នៅខេត្តសៀមរាប លើមេរៀនចំនួនពីរដល់គ្រូបង្គោល៣០រូប ដើម្បីមានសមត្ថភាពបណ្តុះបណ្តាល បន្តដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្តនៅទូទាំងប្រទេស។
មេរៀនទាំងពីរនោះគឺ ១.គោលការណ៍ជាសាកលនៃអភិបាលកិច្ចល្អ និង២. ការតម្រង់ទិសដល់ក្រុមប្រឹក្សាទើបកាន់តំណែងថ្មី ដែលជាមេរៀនរៀបចំឡើងដោយជំនាញការជាតិ-អន្តរជាតិ មកពីអង្គការសីលកា និងអង្គការ PRIA ប្រទេសឥណ្ឌា ក្រោមការគាំទ្រពី UNDP-EU តាមរយៈគម្រោង «លើកកម្ពស់ការផ្តល់សេវារបស់សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ»។
បន្ទាប់ពីបញ្ចប់វគ្គ ក្រុមគ្រូបង្គោលទាំង៣០រូប ដែលមានសមាសភាពជាប្រធាន និងជាសមាជិក្រុមប្រឹក្សារាជធានី ខេត្តទាំង២៥ នឹងរៀបចំការបណ្តុះបណ្តាលបន្តដល់សមាជិកនៅរាជធានី ខេត្តទាំង ២៥។
បច្ចុប្បន្ន សមាជិកក្រុមប្រឹក្សារាជធានី ខេត្តនៅទូទាំងប្រទេសមានចំនួន៣៩៣រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា៣៨៤រូប និងមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច៩ រូប។
លោក ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ថ្លែងក្នុងពិធីបើកវគ្គ ថា ក្នុងរយៈពេល៤ខែចុងក្រោយ នៃឆ្នាំ២០១៨ សមាគមជាតិមានកិច្ចការសំខាន់ៗត្រូវអនុវត្តរួមមាន៖ (១) បណ្តុះបណ្តាលសមាជិកក្រុមប្រឹក្សាអំពីមេតៀនទាំងពីរខាងលើ (២) រៀបចំទស្សនកិច្ចសិក្សាក្នុងប្រទេសចំនួន ២ លើក និងក្រៅប្រទេសមួយលើក ដើម្បីឲ្យសមាជិកក្រុមប្រឹក្សារាជធានី ខេត្តស្វែងយល់អំពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និង (៣) រៀបចំកិច្ចប្រជុំ គកសក នៃក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត និងការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក ដើម្បីពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ចាប់តាំងពីឆ្នាំ២០១៤ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តបានរៀបចំការបណ្តុះបណ្តាលសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត លើមេរៀននិងជំនាញដូចជា៖ ១.ជំនាញសម្របសម្រួល និងទស្សនទូទៅនៃសមាគមអាជ្ញាធរមូលដ្ឋាន ២.ការគ្រប់គ្រងគម្រោង និងភាពជាអ្នកដឹកនាំ ៣.ជំនាញទំនាក់ទំនង និងការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ និង ៤.គន្លឹះដើម្បីភាពជោគជ័យ និងភាពជាអ្នកដឹកនាំ៕