(ប៉ៃលិន)៖ ប្រជាពលរដ្ឋ អាជីវករ និងអតិថិជនបានបង្ហាញការអបអរសាទរចំពោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យរង្វាស់រង្វាល់ជញ្ជីងរបស់អាជីវករ ព្រមទាំងយកជញ្ជីងយុត្តិធម៌មកដាក់នៅផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីផ្តល់នូវសេវាសាធារណៈមួយប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ សុក្រិតភាព តម្លាភាពជូនដល់ប្រជាពលរដ្ឋ។
សកម្មភាពនេះបានធ្វើឡើងនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ក្រោមការដឹកនាំដោយ លោក អ៊ុក ទូច ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត និងលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន។
ប្រជាពលរដ្ឋដែលជាអ្នកទិញបានគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ជញ្ជីងយុត្តិធម៌នៅផ្សារប៉ាងរលឹមរបស់មន្ត្រីជំនាញនានេះ គឺធ្វើឱ្យរូបគាត់ ក៏ដូចជាប្រជាពលរដ្ធទាំងអស់ ដែលបានមកទិញទំនិញនានាពីផ្សារទៅ គឺមិនមានការព្រួយបារម្មណ៍ពីការថ្លឹងទំនិញ ជាពិសេសគឺមានទំនុកចិត្តថា ទំនិញដែលពួកគាត់ទិញទៅគឺគ្រប់គីឡូ គ្មានការកេងប្រវ័ញ្ចភ្នែកជញ្ជីងពីអាជីវករ។
ចំណែកក្រុមអាជីវករលក់បន្លែ មាន់ ត្រី សាច់ នៅក្នុងប៉ាងរលឹម ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ដែលបានចុះមកត្រួតពិនិត្យមើលជញ្ជីងរបស់អាជីវករពួកគាត់ និងបានដាក់ជញ្ជីងយុត្តិធម៌នៅក្នុងផ្សារនេះ ដែលធ្វើឱ្យមានទំនុកចិត្តទាំងអាជីវករ និងអ្នកទិញ។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានថ្លែងអំណរគុណដល់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដែលយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានរៀបចំដាក់ជញ្ជីងយុត្តិធម៌សម្រាប់ឱ្យប្រជាពលរដ្ឋទាំងអ្នកទិញ និងអាជីវករលក់នៅក្នុងផ្សារ ទទួលបានភាពយុត្តិធម៌ និងស្មើភាពគ្នា ហើយលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែមកទិញទំនិញនានា នៅក្នុងផ្សារព្រំថ្មី សូមកុំមានការព្រួយបារម្ភណ៍ការកេញប្រវ័ញ្ញភ្នែកជញ្ជីងទៀត ព្រោះពេលនេះ មន្ត្រីជំនាញ បានដាក់ជញ្ជីងយុត្តិធម៌ នៅក្នុងផ្សារហើយ។
លោក ដួង អ៉ិម អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានឱ្យដឹងថា ការយកជញ្ជីងយុត្តិធម៌មកដាក់នៅផ្សារប៉ាងរលឹមនាពេលនេះ គឺពិតជាមានសារសំខាន់ណាស់ដល់ប្រជាពលរដ្ឋជាអ្នកទិញ និងអាជីវករជាអ្នកលក់ ដើម្បីផ្តល់នូវសេវាសាធារណៈមួយ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ សុក្រិតភាព តម្លាភាព ជាពិសេសផ្តល់ជំនឿចិត្តគ្នា ជៀសវាងការកេងប្រវ័ញ្ច ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបានបន្តថា ផែនការបន្តរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត គឺនឹងបន្តចុះត្រួតពិនិត្យរង្វាស់រង្វាល់នៅតាមផ្សារទូទាំងខេត្តប៉ៃលិនឱ្យបានជាប្រចាំ ហើយក្នុងនោះមន្ត្រីជំនាញនឹងបន្តចុះពិនិត្យរង្វាស់រង្វាល់តាមការ៉ាស់សាំង និងជញ្ជីងថ្លឹងកសិផល តាមសៃឡូទទួលទិញកសិផលពីប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា នៅខេត្តប៉ៃលិនគឺមានផ្សារធំៗចំនួន៤ ដែលបានដាក់ជញ្ជីងយុត្តិធម៌រួចរាល់ គឺទី១-ផ្សារសាលាក្រៅ ទី២-ផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ទី៣-ផ្សារព្រំថ្មី និងទី៤-ផ្សារប៉ាងរលឹម ដែលមន្ត្រីជំនាញរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តដាក់ជញ្ជីងនាពេលនេះ៕