(ព្រះវិហារ)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ បានប្រកាសជួសជុលឡើងវិញនូវផ្លូវមួយខ្សែប្រវែង៤គីឡូម៉ែត្រ នៅស្រុកជ័យសែន ខេត្តព្រះវិហារ ក្រោយត្រួតពិនិត្យឃើញថា ផ្លូវមួយនេះបានខូចខាតស្ទើរតែទាំងស្រុងដោយសារជំនន់ទឹកភ្លៀង។
អមដំណើរលោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសនោះ គេសង្កេតឃើញវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងអភិបាលរងខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនទៀត។
លោក អ៊ុក រ៉ាប៊ុន បានឱ្យដឹងថា នឹងជួសជុលផ្លូវនេះឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ប្រកបដោយសុវត្ថិភាព ក៏ដូចជាដឹកជញ្ជូនកសិផលមានភាពងាយស្រួល និងរហ័សទាន់ចិត្តផងដែរ។
សូមបញ្ជាក់ថា ផ្លូវលំមួយខ្សែដែលរងការខូចខាតខាងលើនេះ គឺតភ្ជាប់ពីទីរួមស្រុកជ័យសែន ឆ្ពោះទៅឃុំ៣ គឺឃុំខ្យង ឃុំច្រាច់ និងឃុំធ្មា។
ជាមួយនឹងការប្រកាសជួសជុលផ្លូវនេះឡើងវិញនេះ បានធ្វើឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋមានភាពសប្បាយរីករាយយ៉ាងខ្លាំង ហើយក៏បានថ្លែងអំណរគុណដល់លោកអភិបាលខេត្តព្រះវិហារផងដែរ ដែលបានយកចិត្តទុកដាក់គិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ បើកុំមានវត្តមានលោកអភិបាលខេត្តចុះពិនិត្យផ្លូវនេះ កាលពីពេលថ្មីៗកន្លងទៅ ក៏ប្រហែលលោករដ្ឋមន្ត្រីមិនបានដឹង និងចុះមកពិនិត្យយ៉ាងដូច្នេះដែរ៕