Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តត្បូងឃ្មុំ ពិភាក្សាការងារជាមួយ ប្រតិភូសាលាបច្ចេកវិទ្យា នៃប្រទេសថៃ ដើម្បីបើកវគ្គបណ្តុះបណ្តាល អំពីបច្ចេកវិទ្យាថ្មីៗ ជូនដល់សិស្ស-និស្សិត នៅខេត្តត្បូងឃ្មុំ

29-08-2018 18:54

(ត្បូងឃ្មុំ)៖ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងលោក ប៉ែន កុសល្យ អភិបាលរងខេត្ត នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ បានទទួលជួបសំណេះសំណាល ជាមួយប្រតិភូសាលា chuenchom technology thai german និងក្រុមហ៊ុន danai khomkhai នៃប្រទេសថៃ នៅសាលខេត្តត្បូងឃ្មុំ។

ប្រតិភូដែលអញ្ជើញមកនាឱកាសនោះ ក្នុងគោលបំណងជួបសំណេះសំណាល សម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ ក្នុងការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីពង្រឹង និងបន្ថែមចំណេះដឹង ដល់សិស្សនិស្សិតកម្ពុជា ដោយសហការជាមួយសកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។ វគ្គសិក្សានេះ នឹងធ្វើឡើងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ផ្ទាល់តែម្តង។

លោក លី ឡេង បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ដែលខាងសាលា នៃប្រទេសថៃ ចាប់យកសកលវិទ្យាល័យ ក្នុងខេត្តត្បូងឃ្មុំ ជាដៃគូ ក្នុងការបណ្តុះបណ្តាលចំណេះដឹងបន្ថែម និងនាំយកនូវបច្ចេកវិទ្យាថ្មីៗ បង្រៀន និងបង្ហាញដល់សិស្សនិស្សិត និងយុវជនទើបជាប់ទី១២ ដែលនឹងចូលសិក្សា នៅថ្នាក់សាកលវិទ្យាល័យជាបន្ត។

អភិបាលខេត្តត្បូងឃ្មុំ បានបន្ថែមទៀតថា ជាពិសេសជូនដល់សិស្ស-និស្សិត នៅសកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នេះតែម្តង ដើម្បីជាទុនបន្ថែម ក្នុងការសិក្សាស្រាវជ្រាវ និងឱកាសទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ក្រោយបញ្ចប់ការសិក្សា៕