(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០១៧ ការនាំចេញពីខេត្តក្វាងស៊ីប្រទេសចិន មកកាន់កម្ពុជាមានទឹកប្រាក់ជិត៧០លានដុល្លារអាមេរិក ដោយក្នុងនោះមានសហគ្រាសធំៗចំនួន២៨ និងមានទឹកប្រាក់វិនិយោគប្រមាណ១ប៊ីលានដុល្លារ។ នេះបើតាមការឲ្យដឹងពីលោក Ding Xiangqun អនុប្រធានរដ្ឋាភិបាល របស់តំបន់ស្វយ័តនៃខេត្តក្វាងស៊ី ប្រទេសចិន។
ការឲ្យដឹងបែបនេះ របស់លោក Ding Xiangqun ធ្វើឡើងនាឱកាសដែលលោក ត្រូវបានអនុញ្ញាតឲ្យជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក បានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣០ ខែសីហា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា ការចុះមកបំពេញទស្សនកិច្ច នៅកម្ពុជានាពេលនេះ មានគោលបំណងលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង២។
លោក Ding Xiangqun បានឲ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់ភាពរីកចម្រើនឥតឈប់ឈរនេះ បានធ្វើឲ្យវិនិយោគិនចិននាំគ្នាមកបណ្ដាក់ទុននៅកម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ទាំងទំហំ និងប្រតិបត្តិការ។
លោក ជា ចាន់តូ ក៏បានបង្ហាញជូនលោក Ding Xiangqun ពីស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំង២។
លោកបានឲ្យដឹងថា «ប្រទេសកម្ពុជាមានវិនិយោគិនចិនជាច្រើន បានមកបោះទុនវិនិយោគ លើវិស័យសំខាន់ៗនៅកម្ពុជារួមមាន៖ វិស័យកាត់ដេរ, សំណង់, កសិកម្ម, វិស័យធនាគារ និងហិរញ្ញវត្ថុក្នុងនោះដែរ កម្ពុជាមានធនាគារចិនចំនួន២ កំពុងប្រតិបត្តិការគឺ ធនាគារ អាយ ស៊ី ប៊ី ស៊ី និងធនាគារចិនសាខាភ្នំពេញ»។
ក្នុងនោះលោក Ding Xiangqun បានក៏បានឲ្យដឹងពីការរីកចម្រើនលើវិស័យផ្សេងៗ ជាច្រើនទៀតក្នុងនោះការប្រតិបត្តិការឆ្លងដែន រវាងប្រាក់រៀល និងប្រាក់យ៉ន ក៏កំពុងតែមានការអភិវឌ្ឍឥតឈប់ បន្ទាប់ពីបានដាក់ដំណើរការដោះដូរ រវាងប្រាក់រៀល និងប្រាក់យ៉ន់ លើទីផ្សារអន្តរធនាគារ នៅតំបន់ស្វយ័តខេត្តក្វាងស៊ីប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ។
លោក Ding Xiangqun ក៏បានសំណូមពរឲ្យ បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដើម្បីជំរុញការអភិវឌ្ឍន៍ ឱ្យកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្រ្ត ផ្លូវមួយខ្សែក្រវ៉ាត់មួយ។
ឆ្លៀតក្នុងឱកាសនោះលោក ក៏មានបំណងអញ្ជើញលោក ជា ចាន់តូ និងគណៈប្រតិភូធនាគារជាតិ ទៅចូលរួមកិច្ចវេទិកាកំពូលចិន-អាស៊ានលើកទី១០ ស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការអភិវឌ្ឍដែលប្រព្រឹត្តទៅខែកញ្ញា ឆ្នាំ២០១៨ខាងមុខ៕