(ព្រៃវែង)៖ ក្រុមហ៊ុនស៊ីភីខេមបូឌា សហការជាមួយក្រុមហ៊ុនទ្រូម៉ានីខេមបូឌា បានរៀបចំកម្មវិធីចុះផ្តល់អំណោយ សប្បុរធម៌ដល់ប្រជាជនរងគ្រោះ ទឹកជំនន់នៅខេត្តព្រៃវែង ចំនួន៤ឃុំ ក្នុងស្រុកពាមរក៍ កាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។
កម្មវិធីចែកអំណោយសប្បុរសធម៌នេះ ប្រារព្ធធ្វើឡើងនៅបរិវេណវត្តជ្រោយ ភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានការចូលរួមពីលោក ឌុច គន្ធា អភិបាលរង នៃគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តព្រៃវែង និងតំណាងដ៏ខ្ពង់ខ្ពស់លោក ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តព្រៃវែង លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍ និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ តំណាងក្រុមហ៊ុនស៊ីភីខេមបូឌាលោក វីទថាក់យ៉ា ក្រៀងក្រៃវីទ និងតំណាងក្រុមហ៊ុនទ្រូម៉ានី ប្រចំាប្រទេសកម្ពុជា លោក គង់ មាន។
លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយស្រុកបានថ្លែងថា «ខ្ញុំមានក្តីរំភើបរីករាយ និងសូមសម្តែងនូវការគោរពស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានលោកអភិបាលខេត្ត និងម្ចាស់ជំនួយពីក្រុមហ៊ុន ស៊ីភីខេមបូឌា និងក្រុមហ៊ុនទ្រូម៉ានីខេមបូឌា ក្នុងការផ្តល់ជំនួយសប្បុរសធម៌ ដល់ប្រជាជនរងគ្រោះចំនួន១៥០គ្រួសារ ក្នុងស្រុកពាមរក៍ ដែលបានទទួលរងផលប៉ះពាល់ ដោយយគ្រោះទឹកជំនន់»។
ក្នុងពិធីអំណោយសប្បុរសធម៌នេះ ក្រុមហ៊ុនទំាងពីរបានធ្វើការបរិច្ចាគ ជាអំណោយអាហារឧបភោគបរិភោគ ដល់ប្រជាជនចំនួន ១៥០គ្រួសារ នៅស្រុកពាមរក៍ ខេត្តព្រៃវែង ដែលនៅក្នុងនោះមានដូចជា អង្ករ មី ត្រីខ ពងមាន់ ទឹកសុទ្ធ និងថ្នាំពេទ្យខ្លះៗផងដែរ។
លោក វីទថាក់យ៉ា ក្រៀងក្រៃវីទ (Wittaya Kreangkriwit) តំណាងឲ្យក្រុមហ៊ុនស៊ីភីខេមបូឌា បានឲ្យដឹងថា «មូលហេតុដែលក្រុមហ៊ុនស៊ីភីខេមបូឌា និងក្រុមហ៊ុនទ្រូម៉ានីខេមបូឌា បានសហការគ្នាចូលរួមបរិច្ចាគ អំណោយសប្បុរសនៅខេត្តព្រៃវែង ដោយសារខេត្តនេះ ទទួលរងគ្រោះទឹកជំនន់ជាច្រើនកន្លែង យ៉ាងខ្លំាងក្លា»។
បច្ចុប្បន្ន បរិស្ថាន និងអាកាសធាតុ គឺមានភាពប្រែប្រួលខុសធម្មតា ដែលបណ្តាលឲ្យមានគ្រោះធម្មជាតិ យ៉ាងធ្ងន់ធ្ងរខ្លាំងបំផុត និងបង្កឲ្យមានគ្រោះទឹកជំនន់ បណ្តាលឲ្យខូចខាតដល់ស្រែចំការ ដំណំា ប្រភពទឹក និងមានជំងឺផ្សេងៗមកជាមួយផងដែរ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្តនានា នៃដងទន្លេ។
ថ្លែងក្នុងពិធីនេះផងដែរ លោក គង់ មាន ជានាយកគ្រប់គ្រងនៃក្រុមហ៊ុនទ្រូម៉ានី បានឲ្យដឹងថា លោកនិងក្រុមការងារ ព្រមទំាងថ្នាក់ដឹកនំានៃក្រុមហ៊ុនស៊ីភីខេមបូឌាទំាងអស់ ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះបញ្ហាគ្រោះធម្មជាតិនេះ ដែលបានបណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ នៃខេត្តព្រៃវែងបានរងគ្រោះដោយសារ ទឹកជំនន់។
លោក ក្រៀងក្រៃវីទ បន្ថែមថា «យើងគួរដឹងអំពីការការពារបរិស្ថាន ដើម្បីអនុវត្តសកម្មភាពផ្សេងៗ មិនថាជាវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងបរិបទក្នុងការរស់នៅប្រចំាថ្ងៃ ក៏គួរតែគិតដល់បរិស្ថាន និងជួយការពារគ្នា ដើម្បីទទួលបានការអភិវឌ្ឍ ប្រកបដោយនិរន្តភាព»។
គួរបញ្ជាក់ដែរថា ប្រទេសកម្ពុជាជាប្រទេសដែលស្ថិតនៅ ក្នុងតំបន់ទំនាបកណ្តាល ហើយមានខ្សែបណ្តោយទឹក តាមទន្លេមេគង្គ ដែលអាចរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយទឹកជំនន់ ដែលពិបាកនឹងជៀសផុត ហើយខេត្តព្រៃវែងជាចំណុច ដែលមានខ្សែទឹកស្របជាមួយទន្លេមេគង្គ ដែលអាចរងផលប៉ះពាល់ទឹកជំនន់ខ្លាំង៕