(ក្រចេះ)៖ រដ្ឋបាលខេត្ដក្រចេះ បានជូនដំណឹងពីការដាក់ឲ្យដំណើរការផ្លូវការ អង្គភាពច្រកចេញចូលតែមួយខេត្តក្រចេះ សម្រាប់ផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨តទៅ។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ដក្រចេះ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៩ ខែសីហានេះ។
សេចក្ដីជូនដំណឹងបញ្ជាក់ថា ប្រជាពលរដ្ឋអាចអញ្ជើញដើម្បីសុំសេវានានា នៅអង្គភាពច្រកចេញចូលតែមួយខេត្តក្រចេះ ដែលមានទីតាំងនៅក្នុងបរិវេណ សាលាខេត្ត ស្ថិតនៅតាមបណ្ដោយផ្លូវសុរាម្រិត សង្កាត់ក្រចេះ ក្រុងក្រចេះ រៀងរាល់ម៉ោងធ្វើការថ្ងៃចន្ទ ដល់សុក្រ ពេលព្រឹកចាប់ពីម៉ោង៧ ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង២ ដល់ម៉ោង៥៖៣០នាទី។
សូមជម្រាបថា រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ដ និងលិខិតបទដ្ឋានបច្ចេកទេសនានា បង្កើតយន្ដការច្រកចេញចូលតែមួយ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានអង្គភាពច្រកចេញចូលតែមួយតាមបណ្ដារាជធានី ខេត្ត ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕