(ព្រះសីហនុ)៖ ស្នងការខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ បានឆ្លើយតបជាមួយអ្នកប្រើប្រាស់ Facebook ដែលបានចោទប្រកាន់ថា ចោរគាស់តូបរបស់គាត់ ច្រើនដងហើយ មានទាំងភ័ស្ដុតាងទៀត ប៉ុន្ដែកម្លាំងសមត្ថកិច្ចមិនធ្វើការនោះ គឺជារឿងមិនពិតនោះ ពោលមានចេតនាបំផ្លាញកិត្តិយសដល់កម្លាំងនគរបាលខេត្តព្រះសីហនុទាំងស្រុង។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា អំពីបញ្ហាចោរគាស់តូបរបស់អ្នកស្រី ចំរើន ច័ន្ទលីដា ចំនួន៣លើក សមត្ថកិច្ចធ្វើការស្រាវជ្រាវបង្ក្រាបបានចំនួន២លើក ដោយលើកទី១ ចាប់បានក្មេងៗចំនួន២នាក់ និងលើកទី២ ចាប់បានក្មេងចំនួន៥នាក់ បានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ប៉ុន្តែក្រុមក្មេងទាំងនោះជាអនីតិជន មិនទាន់គ្រប់អាយុដែលត្រូវទទួលទោសបាន កាលនោះស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានធ្វើការអប់រំហើយដោះលែងឲ្យវិលត្រឡប់មកវិញ។
ជាក់ស្ដែង នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ លោកអនុសេនីយ៍ឯក សំ ប្រាក់ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បាននាំក្រុមអ្នកសារព័ត៌មាន ទៅពិនិត្យមើលទីតាំងផ្ទះលក់ថ្នាំពេទ្យនោះ ផ្ទាល់តែម្តងនៅខាងត្បូងជាប់រង្វង់មូលតោពីរ។ ឱសថស្ថាននោះ នៅបើកអាជីវកម្មលក់ដូរធម្មតា ជាប្រភេទផ្សារម៉ាត តូចមួយ មានលក់ឱសថ និងរបស់ផ្សេងៗទៀត ប៉ុន្តែម្ចាស់បានសាងសង់បន្ថែមតូប នៅជ្រុងខាងលិចមួយទៀត រាងដូចទូរកុងតឺន័រ បានលយ ចូលមកចញ្ចើមផ្លូវសាធារណៈខុសប្រក្រតី។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានបញ្ជាក់ថា កន្លងមកអាជ្ញាធរក្រុង/ខេត្ត បានទៅហាមឃាត់ណែនាំគាត់ ឲ្យរុះរើតូបលក់ដូរនោះចេញ តែគាត់មិនស្តាប់ឡើយ ម្យ៉ាងទៀតមនុស្សក្នុងហ៊ាងណឹង មិនចង់និយាយរកសមត្ថកិច្ចនោះទេ។ តាំងពីណែនាំឲ្យគាត់រុះរើសតូបនោះមក គាត់មិនសប្បាយចិត្តជាមួយអាជ្ញាធរ ឬសមត្ថកិច្ចឡើយ។
បើតាមលោកនាយប៉ុស្ដិ៍រូបនេះ ឱសថស្ថានរបស់អ្នកស្រី ចំរើន ច័ន្ទលីដា មានទំនិញមានតម្លៃជាច្រើនមុខ តែយប់ឡើងបិទទ្វារចាក់សោរ គ្មានអ្នកដេកចាំ ឬគ្មានសន្តិសុខយាមការពារឡើយ ម្យ៉ាងទៀតតូបដែលគាត់សង់លយចូលមកចិញ្ចើមផ្លូវនោះ ជាហេតុនាំឲ្យមានឱកាសដល់ជនទុច្ចរិត ឬពួកក្មេងតាមចិញ្ចើមថ្នល់ លបឡើងទៅដេកនៅលើដំបូលតូប ពេលអធ្រាត្រស្ងាត់ ឆ្លៀតឱកាសគាស់ដំបូលលូនចូលយកសម្ភារ។
ជុំវិញព័ត៌មាន ដែលអ្នកស្រី ចំរើន ច័ន្ទលីដា បង្ហោះសារបន្តុះបង្អាប់នគរបាលខេត្តព្រះសីហនុ មិនអើពើយកចិត្តទុកចាត់ការតាមបណ្តឹងរបស់គាត់នោះ គឺជារឿងមិនពិតឡើយ។ ហេតុដូចនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ សូមធ្វើការបដិសេធទាំងស្រុង។
សូមជម្រាបថា សព្វថ្ងៃនេះ កងកម្លាំងនគរបាលខេត្តព្រះសីហនុ គ្រប់មុខជំនាញ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បាននឹងកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំបំផុត ដែលប្រជាពលរដ្ឋទូទៅក្នុងខេត្តបានមើលឃើញ និងគាំទ្រ៕