(ភ្នំពេញ)៖ កវីនិពន្ធខ្មែរ រួមនិងគណៈកម្មការរៀបចំ មហោស្រពអក្សរសិល្ប៍ខ្មែរមួយក្រុម បានជួបជុំគ្នាធ្វើកម្មវិធីសម្ពោធ មហោស្រពក្រៅផ្លូវការមួយ នៅភោជនីយដ្ឋាន ST 63 Bassac នាពេលថ្មីៗនេះ។ កម្មវិធីសម្ពោធ ក្រៅផ្លូវការនេះ ធ្វើឡើងដើម្បីផ្តល់បទបង្ហាញខ្លីមួយ អំពីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទីពីរ កម្មវិធីលម្អិតនៅក្នុងមហោស្រពទាំងមូល និងលក្ខខណ្ឌនានា សម្រាប់ការចូលរួម និងប្រកាសបើកមហោស្រព។
កម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ នឹងវិលត្រឡប់មកសាជាថ្មីម្តងទៀត បន្ទាប់ពីទទួលបានជោគជ័យ ពីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទីមួយ នៅខេត្តសៀមរាបកាលពីឆ្នាំទៅ។ មហោស្រពលើកទីពីរនេះ នឹងប្រារព្ធធ្វើនៅ ខេត្តបាត់ដំបង ដែលជាខេត្តមួយសម្បូរទៅដោយវប្បធម៌អរិយធម៌ដ៏រុងរឿង តាំងពីបុរាណកាលមក។ កម្មវិធីទាំងមូល នឹងចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ នៅទីតាំងចម្រុះជាច្រើន នៃក្រុងបាត់ដំបង។
ក្រោមប្រធានបទ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល នៃអក្សរសិល្ប៍ខ្មែរ» មហោស្រពអក្សរសិល្ប៍ខ្មែរលើកទីពីរនេះ មានគោលបំណងធំៗបីគឺ៖ ១៖ បណ្តុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិនៅកម្ពុជា, ២៖ លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធខ្មែរ នៅក្នុងសង្គមជាតិ និង៣៖ បង្កើនឱកាសក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ។
លោកស្រី សូ ភីណា ជាស្ថាបនិកមហោស្រពអក្សរសិល្ប៍ខ្មែរ បានថ្លែងថា៖ «យើងជឿជាក់ថា នៅពេលដែលកវី អ្នកនិពន្ធ សិស្ស និស្សិត គ្រឹះស្ថានបោះពុម្ពផ្សាយ ភ្នាក់ងារអក្សរសិល្ប៍ សិល្បករ ព្រមទាំងសហគមន៍ទាំងមូល អាចចូលរួមជួបជុំគ្នា ដើម្បីពិភាក្សាដេញដោលគ្នា ជុំវិញបញ្ហាអក្សរសិល្ប៍នោះ គំនិតថ្មីៗ នឹងរត់ឆ្ពោះទៅកាន់ប៊ិក»។
លោកស្រី សូ ភីណា បានបន្ថែមថា ការសហការថ្មី នឹងបង្កើតឲ្យមានសកម្មភាព អក្សរសិល្ប៍នានាជាច្រើន។ សកម្មភាពទាំងអស់នេះ នឹងនាំពួកយើងឆ្ពោះ ទៅកាន់ឧត្តមភាព និងជំនឿដែលយើងជឿថា ពួកយើងអាចធ្វើឲ្យមានវឌ្ឍនភាព សម្រាប់វប្បធម៌នៃអក្សរសិល្ប៍។
ទន្ទឹមនឹងនេះ លោក សួង ម៉ាក់ ដែលជាអ្នកនិពន្ធ និងជាគណៈកម្មការរៀបចំ កម្មវិធីមហោស្រពដែរនោះ បានបញ្ចេញមតិយ៉ាងដូច្នេះថា៖ «យើងត្រូវការការរួបរួមគ្នាមួយពីអ្នកនិពន្ធដូចគ្នា ដើម្បីលើកតម្លៃអ្នកនិពន្ធដោយ អ្នកនិពន្ធខ្លួនឯង»។
លោក សួង ម៉ាក់ បានបន្ដថា «យើងជឿថា បើយើងចេះឲ្យតម្លៃខ្លួនឯង អ្នកដទៃនឹងឲ្យតម្លៃយើងវិញមិនខាន។ ដូច្នេះ ទើបយើងរួមគ្នា បង្កើតមហោស្រពអក្សរសិល្ប៍នេះឡើង ដើម្បីឆ្លុះបញ្ចាំងពីសាមគ្គីភាព របស់អ្នកនិពន្ធ ក្នុងការលើកតម្លៃអ្នកនិពន្ធ និងលើកកម្ពស់ទម្លាប់ នៃការអាននៅកម្ពុជា»។
ចំណែក លោក សួន សុធារ៉ា ដែលជាអ្នកនិពន្ធ និងជាអ្នករៀបចំម្នាក់ទៀតនោះ ក៏បានលើកឡើងដោយក្តីរំភើបថា៖ «ខ្ញុំរីករាយណាស់ ដែលមហោស្រពឆ្នាំនេះ ធ្វើឡើងនៅបាត់ដំបង ព្រោះទីនោះជាខេត្តមួយ ដែលសម្បូរ ទៅដោយសិល្បករ ប្រវត្តិសាស្រ្ត និងសិល្បៈវប្បធម៌។ ខ្ញុំសង្ឃឹមថា បងប្អូននៅបាត់ដំបង នឹងចូលរួមបានច្រើនកុះករមិនខាន»។
សូមបញ្ជាក់ថា មហោស្រពអក្សរសិល្ប៍ខ្មែរលើកទីពីរ នឹងនាំយកនូវកម្មវិធីពិសេសៗ ជាច្រើនដូចជា៖ វេទិកាពិភាក្សាអំពីអក្សរសិល្ប៍ សិក្ខាសាលានិពន្ធបែបច្នៃប្រតិដ្ឋ កម្មវិធីអានតាមកន្លែងជាក់លាក់ ការតាំងពិព័រណ៍ និង លក់សៀវភៅ ការប្រលងរឿងខ្លី និងកំណាព្យ កម្មវិធីកង់ឌុប និងកំណាព្យ ល្ខោននិយាយរឿង «កូលាបប៉ៃលិន» ទស្សនកិច្ចវប្បធម៌ រួមទាំងការសម្តែងសិល្បៈទស្សនីយភាពជាច្រើនទៀត។ មហោស្រពនេះ បើកទូលាយ ជូនដល់សាធារណជនទាំងអស់ ចូលរួមដោយសេរី៕