(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាលោកស្រី ស៊ុសម៉ា ស្វារ៉ាច (Sushma Swaraj) បានថ្លែងកោតសរសើរអំពីដំណើរការបោះឆ្នោតនៅកម្ពុជាដែលបានប្រព្រឹត្តឡើងកាលពីមួយខែមុនថា ដំណើរការដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា។ ការវាយតម្លៃបែបនេះ គឺយោងតាមអ្នកសង្កេតការណ៍របស់ខ្លួនជាច្រើននាក់ ដែលរដ្ឋាភិបាលឥណ្ឌាបញ្ជូនមកតាមដានក្នុងអំឡុងពេលបោះឆ្នោតនោះ។
ក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៩ ខែសីហានេះ លោកស្រីបានសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោតដ៏ល្អប្រសើររបស់កម្ពុជា ក៏ដូចជាជ័យជម្នះរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាផងដែរ។
ក្នុងជំនួបនេះលោកស្រី ស៊ុសម៉ា ស្វារ៉ាច ក៏បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជានាពេលនេះ បានមើលឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ដែលការរីកចម្រើននេះហើយជាការនាំឲ្យប្រជាពលរដ្ឋសម្រេចចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុប។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នៅក្រោយជំនួប។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌា ដែលបានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា ហើយក៏បានជម្រាបជូនយ៉ាងសង្ខេបពីដំណើរការបោះឆ្នោត និងប្រវត្តិ នៃការបោះឆ្នោតនៅកម្ពុជាផងដែរ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលបានប្រព្រឹត្តទៅកាលពីមួយខែមុននោះ ត្រូវបានគេមើលឃើញថា បានដំណើរការទៅដោយភាពល្អប្រសើរប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតច្រើនលើសលុបក្នុងអត្រាជាង ៨៣ភាគរយ ដែលមិនធ្លាប់មាននោះឡើយក្នុងប្រវត្តិនៃការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ដែលបានឈ្នះឆ្នោតឈានទៅគ្រប់គ្រងអាសនៈទាំងស្រុងនៅក្នុងរដ្ឋសភាជាមួយសំឡេងគាំទ្រជិត ៥លានសំឡេង។ រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មីនឹងត្រូវបង្កើតឡើងនៅសប្តាហ៍ក្រោយនេះ។
សូមបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌា ដែលតែងតែជួយដល់កម្ពុជាកន្លងមក តាមរយៈការផ្តល់ជំនួយ ជាពិសេសនៅពេលកម្ពុជា ទើបរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ប្រទេសឥណ្ឌា គឺជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយ ដែលទទួលស្គាល់កម្ពុជាដំបូងគេបង្អស់។
លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌា ក៏បានជម្រាបជូនសម្តេចអំពីកិច្ចពិភាក្សាជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អំពីគម្រោងនៃការហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា និងការបង្កើតគម្រោងទទួលផលឆាប់រហ័សផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍លើកិច្ចពិភាក្សារបស់លោកស្រី ជាមួយលោករដ្ឋមន្ត្រីការបរទេសកម្ពុជា អំពីការហោះហើរត្រង់ និងគម្រោងទទួលផលរហ័ស។
សម្តេចតេជោ បានលើកឡើងថា គម្រោងទទួលផលរហ័សនេះ គឺជួយដោះស្រាយត្រង់ដល់ប្រជាជនកម្ពុជា ជាពិសេសនៅពេលកម្ពុជា កំពុងមានគ្រោះទឹកជំនន់ ដូចពេលបច្ចុប្បន្ននេះ។ គម្រោងនេះ អាចជួយក្នុងការស្តារអណ្តូងទឹក, ការផ្តល់គ្រាប់ពូជ និងការជួសជុលសាលារៀន មន្ទីរពេទ្យជាដើម ដែលបានទទួលរងគ្រោះទឹកជំនន់នោះ៕