(កំពង់ចាម)៖ ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ប្រមាណ៧០០គ្រួសារ ដែលរស់នៅស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងបាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ ពីមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀលអ៊ីស្ទេត ដែលមានអគ្គនាយក ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប លោក លី មីន បានយកអំណោយ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ។
នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ រស់នៅភូមិទួលច័ន្ទ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ អភិបាលខេត្តកំពង់ចាម បានថ្លែងថា សរុប ប្រជាពលរដ្ឋមានជាង៣ម៉ឺននាក់ រងគ្រោះដោយសារទឹកជំនន់ ហើយគិតមកដល់ថ្ងៃនេះ ទឹកបានបន្តឡើង លើសកម្រិតប្រកាសអាសន្ន។ បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទឹកនឹងបន្តឡើង រយៈពេល៣ថ្ងៃទៅមុខទៀត ទើបស្រក់ទៅវិញ។
លោក គួច ចំរើន បានបន្ថែមទៀតថា ដើម្បីជាការជួយសម្រាល ទុកលំបាកប្រជាពលរដ្ឋ អាជ្ញាធរខេត្ត និងមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀលអ៊ីស្ទេត បាននាំយកអំណោយសប្បុរស ទៅចែកជូនប្រជាពលរដ្ឋ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ១បេ ទឹកត្រី១យួរ ត្រីខ១ឡូ និងមី១កេស។ អំណោយសប្បុរស ដែលបានចែកជូនបងប្អូនរងគ្រោះ សរុបជាទឹកប្រាក់មានចំនួន២០,០០០ដុល្លារ។
សូមជម្រាបថា ខេត្តកំពង់ចាម បានជួបគ្រោះទឹកជំនន់ ចាប់តាំងពីថ្ងៃទី៣០ ខែកក្កដា មកដល់ពេលនេះ បានបណ្តាឲ្យពលរដ្ឋប្រមាណ៣ម៉ឺន ២ពាន់នាក់ ជួបប្រទះបញ្ហា។ ហើយក្នុងនោះ មានពលរដ្ឋប្រមាណ១៦នាក់ បានស្លាប់ និង៥៤នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ហើយមានការខូចខាតផលដំណាំ និងសត្វពាហនៈមួយចំនួនធំ៕