(កណ្ដាល)៖ ដោយអនុវត្តន៍តាមការសន្យានាពេលកន្លងទៅនោះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកពញាឮ ខេត្តកណ្ដាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ បានផ្ដល់ផ្លូវបេតុងចំនន៣ខ្សែ មានប្រវែងជិត៣,០០០ ម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងឃុំកំពង់ហ្លួង ឃុំទំនប់ធំ និងឃុំភ្នំបាត។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី លឹម គានហោ បានគូសបញ្ជាក់ពីសារសំខាន់ និងផលប្រយោជន៍នៃផ្លូវបេតុងមួយខ្សែនេះ ដែលអាចជួយសម្រួល ដល់ការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សអាចធ្វើដំណើរទៅសាលារៀនបានងាយស្រួល និងអាចដឹកកសិផលទៅកាន់ទីផ្សារ បានឆាប់រហ័សផងដែរ ទើបលោកបានសម្រេចធ្វើការសាងសង់ជូននូវផ្លូវបេតុងទាំង៣ខ្សែនេះ។
លោកបន្តទៀតថា ក្នុងនាមជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុក លោកនឹងបន្តជួយអភិវឌ្ឍមូលដ្ឋានស្រុកពញាឮ ឲ្យបានកាន់តែល្អប្រសើរ ទន្ទឹមនឹងនេះក៏នឹងបន្តយកចិត្តទុកដាក់ដល់បញ្ហាជីវភាព ក៏ដូចជាសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកផងដែរ។
ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហាកង្វល់ និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន។
បន្ថែមពីនេះ លោក លឹម គានហោ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងទៅ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី និងបន្តដឹកនាំប្រទេសជាតិ រីកចម្រើនបន្តទៀត៕