(ព្រះសីហនុ)៖ ជនជាតិចិនម្នាក់ និងបក្ខពួក បានធ្វើសកម្មភាពគាស់ទ្វាររថយន្តលួចយកកាបូបលុយរបស់ជនជាតិខ្មែរ ខណៈដែលជនរងគ្រោះចតរថយន្ត ទុកចោលនៅលើផ្លូវ ហើយទៅញាំបង្អែម។
ភ្លាមៗនោះ ជនសង្ស័យបានគាស់ទ្វាររថយន្តរបស់ជនរងគ្រោះ ហើយចូលទៅក្នុងរថយន្ត ដើម្បីលួចលុយ តែត្រូវជនរងគ្រោះឃើញ ទាន់ពេលក៏រត់សំដៅមករថយន្ត ពេលជនសង្ស័យឃើញម្ចាស់រថយន្តមក គេក៏ចុះពីរថយន្តរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ នាវេលាម៉ោង២០៖៤៥នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានធ្វើការស្រាវជ្រាវស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ រហូតចាប់បានជនសង្ស័យ និងបក្ខពួកសរុប២នាក់។ ជនរងគ្រោះ ដែលជាជនជាតិខ្មែរ មានឈ្មោះ រុន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអាជីវករ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ចំណែកជនសង្ស័យចំនួន២នាក់ រួមមាន ទី១៖ ឈ្មោះ XU MENG JIE ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) និងទី២៖ ឈ្មោះ CHEN WEI JIAN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ អ្នកដូរលុយតាមទូរស័ព្ទដៃ លិខិតឆ្លងដែនលេខៈ EC៩០៧៤៦០១ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (បក្ខពួក)។
វត្ថុតាងចាប់យកបាន៖ កាបូបយួរដៃ១ពណ៌សូកូឡា (ផលនៃអំពើលួចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨), ទូរស័ព្ទដៃ២គ្រឿង (ម៉ាក IPHONE X ពណ៌ខ្មៅ និងម៉ាក NOKAI ពណ៌ស)។ បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ចថា កន្លងមកពួកគេបានធ្វើសកម្មភាព គាស់ទ្វាររថយន្តលួចយកលុយ ចំនួន៣លើក៖
* លើកទី១ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុច ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានកាបូប១ មានលុយចំនួន ៣៩,០០០ដុលារ (បីម៉ឺនប្រាំបួនពាន់ដុល្លារ)។
* លើកទី២ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅមុខក្រុមហ៊ុន L.G ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានកាបូប១ មានលុយជាង ១,០០០ដុល្លារ (មួយពាន់ដុល្លារ)។
* លើកទី៣ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មិនបានសម្រេច ព្រោះក្នុងពេលធ្វើសកម្មភាព ត្រូវម្ចាស់រថយន្តមកទាន់។
បច្ចុប្បន្ន ជនសង្ស័យជនជាតិចិនទាំង២នាក់ ខាងលើនេះ ត្រូវបានការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ៕