(បាត់ដំបង)៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោក ងួន រតនៈ ប្រធានកិត្តិយសសាខា និងជាអភិបាល នៃគណៈអភិបាលខេត្ត, បណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកសមាជិកា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុករុក្ខគីរី ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចែកជូនដល់គ្រួសារក្រីក្រ ដែលរងគ្រោះដោយគ្រោះរាំងស្ងួតចំនួន១៥០គ្រួសារ ក្នុងឃុំចំនួន៥ឃុំគឺឃុំព្រៃជីក ព្រៃត្រឡាច បាសាក់ មុខរាណ៍ និងឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរ លោក ងួន រតនៈ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកទីទ័លក្រ ចាស់ជរាជនពិកាមានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ ថែរក្សាសុខភាពឲ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅ ផឹកទឹកឆ្អឹន ត្រូវប្រកាន់ភ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផល ដាំដំណាំរួមផ្សំដើម្បីទ្រទ្រង់ជីវភាព គ្រួសារឲ្យបានប្រសើរឡើង។
អំណោយដែលត្រូវចែកជូនក្នុង១គ្រួសាររួមមាន៖ អង្ក២៥គីឡូក្រាម មី១កេស,ទឹកក្រូច១កេស,ទឹកបរិសុទ្ធវីឃែរ១កេស ,សារុង១ ក្រមា១និងថវិកា២ម៉ឺនរៀល។ ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិតបានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត។
សូមបញ្ជាក់ថា អង្ករ និងមីជាអំណោយរបស់រដ្ឋបាលខេត្ត, ទឹកក្រូចជាអំណោយរបស់ក្រុមហ៊ុននកូកាកូឡា ទឹកសុទ្ធ សារុង,ក្រមា ជាអំណោយសាខាកក្រកខេត្តបាត់ដំបង ដោយឡែកថវិកាជាអំណោយរបស់រដ្ឋបាលខេត្តបាត់ដំបង។ បន្ទាប់មកលោក និងប្រតិភូបានអញ្ចើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ធ្ងន់ធ្ងរក្នុងស្រុករុក្ខគីរីទាំងមូលផងដែរ៕