(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានផ្ដាំផ្ញើទៅកាន់អាចារ្យទាំងអស់ថា ​អាចារ្យជាអ្នកដឹកនាំកិច្ច ត្រូវចេះពន្យល់ និងណែនាំអ្នកដទៃឲ្យបានដឹងអំពីផ្លូវខុស និងត្រូវ ហើយត្រូវមានចំណេះដឹងខ្ពស់ និងច្បាស់លាស់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ទើបអាចដឹកនាំកិច្ច ក្នុងពិធីកម្មផ្សេងៗ តាមលក្ខណៈប្រពៃណីជាតិខ្មែរបាន។

បើតាមលោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ​ក្នុងនាមជាអ្នកដឹកនាំពិធីកម្មផ្សេងៗ អាចារ្យត្រូវធើ្វយ៉ាងណាឲ្យបានត្រឹមត្រូវ តាមក្បួនច្បាប់ពីបុរាណ ដែលដូនតាយើង បានបន្សល់ទុកឲ្យហើយការអនុវត្តនោះ ត្រូវឲ្យស្របគ្នាពីតំបន់មួយទៅតំបន់មួយ ចៀសវាងការអនុវត្តផ្ទុយគ្នា ដែលបណ្តាលមកពី​ការអនុវត្តខុសពីក្បួនច្បាប់ ពីបុរាណ និងធ្វើឲ្យមានការចម្លងអនុវត្តខុសតៗគ្នាទៀត។

​ការថ្លែងបែបនេះរបស់លោកទេសរដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងនៅ​ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី២៩ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ។

ត្រង់ចំណុចនេះ ក្នុងនាមពុទ្ធបរិស័ទមួយរូប និងក្នុងនាមក្រសួងធម្មការ និងសាសនា លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានផ្ញាំផ្ញើ​ដល់សិក្ខាកាមជាអាចារ្យ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ក្នុងន័យលើកកំពស់ការពង្រឹង ការប្រតិបត្តិនូវប្រពៃណីទំនៀមទម្លាប់ខ្មែរឲ្យបានគត់មត់ ស្របតាមចរន្តហូរចូល នៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍលើគ្រប់វិស័យ ដូចខាងក្រោម៖

*អាចារ្យ​ទាំងអស់ ត្រូវមានសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងល្អ ជាមួយនិងគណៈកម្មការវត្ត ចៅអធិការវត្ត ព្រមទាំងព្រះមេគណ ព្រះអនុគណ មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទមិនប្រកាន់បក្សពួក និងរើសអើងវណ្ណៈសង្គម។
*អាចារ្យ ត្រូវខិតខំថែរក្សានិងអភិរក្សនូវកេរ្តិ៍មរតកវប្បធម៌ព្រះពុទ្ធសាសនា និងប្រពៃណី ទំនៀមទម្លាប់ខ្មែរឲ្យស្ថិតស្ថេរគង់វង់ ធ្វើយ៉ាងណារួមគ្នា លើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យបានថ្កុំថ្កើងរុងរឿង។
*អាចារ្យ​ទាំងអស់ ត្រូវគោរព និងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវរាល់លិខិតបទដ្ឋានដែលមានស្រាប់។
*ដើម្បីឲ្យស័ក្តសមជាព្រឹទ្ធាចារ្យ ដែលមានបទពិសោធន៍ និងចំណេះដឹងប្រចាំភូមិ ស្រុក សូមអាចារ្យទាំងអស់ ត្រូវប្រកាន់នូវសប្បុរសធម៌ទាំង៧ឲ្យបានខ្ជាប់ខ្ជួន។
*អាចារ្យ ត្រូវបន្តពង្រឹងចំណេះដឹងរបស់ខ្លួន ខិតខំស្រាវជ្រាវគម្ពីរដីការ ក្បួនច្បាប់ របៀបមង្គល និងបុណ្យផ្សេងៗ បន្ថែមទៀត ហើយចងក្រងទុកជាឯកសារ ដើម្បីរួមចំណែកក្នុងការកសាងឯកសារគោលរបស់ក្រសួងធម្មការ និងសាសនា ឲ្យកាន់តែមានមូលដ្ឋានច្បាស់លាស់ និងទទួលយកបានទាំងអស់គ្នា បន្សល់ទុកជាប្រយោជន៍សម្រាប់បច្ឆាជន។
*អាចារ្យ ជាអ្នកដើរតួនាទីជាព្រឹទ្ធាចារ្យ ប្រចាំ ស្រុក ភូមិរបស់ខ្លួននោះ អាចារ្យត្រូវជាគំរូក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ច្បាប់ ទម្លាប់ សីលធម៌ សុជីវធម៌ ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងឈានមុខក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម ដើម្បីបង្ហាញជាគម្រូល្អដល់យុវជនជំនាន់ក្រោយរបស់យើង។​
*ដើម្បីឲ្យប្រជាពលរដ្ឋគោរព ក្នុងឋានៈជាចាស់ព្រឹទ្ធាចារ្យ អាចារ្យទាំងអស់ត្រូវគោរពតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យឱ្យបានត្រឹមត្រូវតាមក្បួនតម្រា ដើម្បីដឹកនាំកិច្ចរបៀបមង្គល និងបុណ្យផ្សេងៗ ដោយឈរលើមូលដ្ឋានច្បាប់ទម្លាប់ និងភាពប្រាកដប្រជា៕