(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានបន្តប្រឹងប្រែងបញ្ជ្រាបចំណេះដឹងដល់សាស្ត្រាចារ្យនានា ដើម្បីអភិវឌ្ឍផ្សារមូលបត្រកម្ពុជា ឬហៅដោយសារមញ្ញថា ទីផ្សារហ៊ុន ឲ្យមានសកម្មភាពជួញដូរកាន់តែច្រើន។
ជាក់ស្តែងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ CSX បានរៀបចំសិក្ខាសាលាពិសេសសម្រាប់សាស្ត្រាចារ្យស្តីពី «ទីផ្សារមូលបត្រកម្ពុជា» នៅអគារ CSX ដោយមានការចូលរួមជាអធិបតីពីសំណាក់ លោក HA Jong Weon អគ្គនាយករងនៃ CSX។ សិក្ខាសាលានេះ ត្រូវបានចូលរូមដោយសាស្ត្រាចារ្យចំនួន៤៤រូប ដែលអញ្ជើញមកពីសាកលវិទ្យាល័យចំនួន៨ នៅក្នុងរាជធានីភ្នំពេញ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងក្នុងវិស័យមូលបត្រ និងបញ្ជ្រាបការយល់ដឹងនេះ ដល់គ្រឹះស្ថានអប់រំនានា ជាពិសេសតាមសាកលវិទ្យាល័យ ដោយមានការធ្វើបទបង្ហាញពីវាគ្មិនចំនួនបីរូប រួមមាន៖ លោក ហោ ស៊ីម៉េត អគ្គនាយករង នៃក្រុមហ៊ុនមូលបត្រអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, លោក ទៀង ស៊ីវណ្ណសក្តិ សមាការីហិរញ្ញវត្ថុសាជីវកម្ម (Associate in Corporate Finance) នៃក្រុមហ៊ុនមូលបត្រយាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី, និងលោក ទ្រី តៃហ៊ី មន្ត្រីគ្រប់គ្រងនៃ CSX ផងដែរ។
ថ្លែងក្នុងពិធីនេះ លោកអគ្គនាយករងនៃ CSX បានឲ្យដឹងថា ផ្សារមូលបត្រកម្ពុជា កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទាក់ទាញក្រុមហ៊ុនបោះផ្សាយមូលបត្រ និងអ្នកវិនិយោគដែលមានសក្តានុពល ក្នុងគោលបំណងអភិវឌ្ឍផ្សារមូលបត្រកម្ពុជា ឲ្យកាន់តែមានសកម្មភាពជួញដូរកាន់តែច្រើន។
លោក HA Jong Weon បានបន្ថែមថា កម្មវិធីនៅថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់ការយល់ដឹង ពីវិស័យមូលបត្រទៅដល់សាស្រ្តាចារ្យទាំងអស់ ដែលមានវត្តមាននៅទីនេះ និងសង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹងទាក់ទងនឹងវិស័យថ្មីមួយនេះ នឹងត្រូវបានផ្សព្វផ្សាយបន្ដទៅដល់សាធារណជន និងជាពិសេសនិស្សិតតាមសាកលវិទ្យាល័យនានាផងដែរ។
សូមជម្រាបថា ក្នុងសិក្ខាសាលានេះ សាស្ត្រាចារ្យជាច្រើនរូប បានមានចំណាប់អារម្មណ៍ចង់សាកល្បង ក្នុងការជួញដូរក្នុងទីផ្សារមូលបត្រ និងបានធ្វើការបើកគណនីជួញដូរ មូលបត្រភ្លាមៗ។ មុនកម្មវិធីនេះ ត្រូវបានបញ្ចប់ លោកអគ្គនាយករង ក៏បានចែកវិញ្ញាបនបត្រទៅដល់សិក្ខាកាម ដែលបានអញ្ជើញចូលរួមផងដែរ៕