(ព្រៃវែង)៖ ស្ថានភាពទឹកជំនន់ដែលកំពុងតែវាយប្រហារលើបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាក្នុងរយៈប៉ុន្មានខែនេះ កំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងប្រឈមបញ្ហាលំបាកជាច្រើនដូចជា ខ្វះទីជម្រក ខ្វះស្បៀងអាហារសម្រាបបរិភោគជាដើម។ មើលឃើញពីផលលំបាកទាំងនេះ ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមវេរលុយដ៏ល្បីមួយនៅកម្ពុជា បាននាំយកអំណោយសប្បុរសធម៌ ទៅចែកជូនដល់ពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ជាបន្តបន្ទាប់។
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ ក្រុមការងារ ទ្រូម៉ាន់នី (ខេមបូឌា) និងសប្បុរសជនផ្សេងទៀត ពីក្រុមហ៊ុន CPនិងគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តនាំយកគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់ ១៥០គ្រួសារទៀតនៅក្នុងខេត្តព្រៃវែង។
ក្រុមការងារទ្រូម៉ាន់នី បានឲ្យដឹងថា កម្មវិធីសប្បុរសធម៌ចែកអំណោយពលរដ្ឋរងគ្រោះទឹកជំនន់នេះ ធ្វើឡើងនៅសាលាស្រុកពាមរក៌ ខេត្តព្រៃវែង។ ក្នុងនោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងអស់ បានទទួលការឧបត្ថម្ភជូនដូចជា អង្ករ, មី, ទឹកសុទ្ធ, ពង់មាន់ និងថ្នាំពេទ្យជាដើម។ អំណោយទាំងនេះ បានរួមចំណែកជួយសម្រួលបញ្ហាលំបាករបស់ប្រជាពលរដ្ឋបានមួយគ្រាផងដែរ។
ក្នុងឱកាសនោះក្រុមការងារ បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់អំឡុងពេលជួបបញ្ហាគ្រោះទឹកជំនន់នេះ។ ជាពិសេសលើបញ្ហាសុខភាព ដែលចាំបាច់ត្រូវទទួលទានស្អាត ទាំងម្ហូបអាហារ និងទឹក ដាច់ខាតត្រូវទទួលទានទឹកដាំពុះជាចាំបាច់ ដើម្បីថែរក្សាសុខភាពឲ្យបានល្អកុំឲ្យមានជំងឺ។
សូមបញ្ជាក់ថា ការចែកអំណោយពលរដ្ឋរងគ្រោះនៅក្នុងខេត្តព្រៃវែងនេះ មិនមែនជាលើកទី១នោះឡើយ សម្រាប់ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា)។ កន្លងមកក្រុមការងារ បានចូលរួមចំណែកដល់អ្នកជួបបញ្ហាខ្វះខាត ក្នុងការរស់នៅផ្សេងៗទៀតជាច្រើន។
កម្មវិធីសប្បុរសធម៌នេះ ប្រព្រឹត្តឡើងក្នុងគោលបំណងជួយដល់ពលរដ្ឋខ្មែរ ក្នុងនាមជាឈាមជ័រតែមួយ ដោយមិនមើលនឹងភ្នែកពេលដែលពួកគាត់ជួបបញ្ហាខ្វះខាតក្នុងការរស់នៅ និងរិះរកវិធីគ្រប់បែបយ៉ាងជួយសម្រួលដល់ជីវភាព របស់ពួកគាត់ឲ្យបានកាន់តែប្រសើរ។
ក្រុមហ៊ុន ទ្រូម៉ាន់នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបបញ្ហា មានក្តីសង្ឃឹម និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះគ្នា ក្នុងនាមខែ្មរជួយខ្មែរដែលបញ្ជាក់ពីសកម្មភាពមនុស្សធម៌ និងជាកម្លាំងចិត្តក្នុងការរស់នៅទៅថ្ងៃមុខប្រកបដោយសុភមង្គល៕