(ស្វាយរៀង)៖ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានរៀបចំវេទិកាការងារ ស្តីពីឱកាសការងារ និងកម្មសិក្សាការងារ ដោយមានការចូលរួមសម្ភាសន៍ផ្ទាល់ពីសំណាក់ កាស៊ីណូម៉ុកបាយ កាស៊ីណូវីននីស និងរោងចក្រ Yithing Cambodia។
ពិធីនេះត្រូវបានធ្វើឡើងនៅ វិទ្យាស្ថានពហុបចេ្ចកទេសភូមិភាគតេជោសែនស្វាយរៀង ដោយមានអ្នកចូលរួម ជាសិស្ស និស្សិតប្រមាណជាង៦០នាក់ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ។
លោក ហែម ពុទ្ធិ ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង បានឲ្យដឹងថា វេទិកាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីជួយដល់អ្នកស្វែងរកការងារធ្វើ ជាពិសេសនិស្សិតដែលបានបញ្ចប់ការសិក្សា លើជំនាញបច្ចេកទេស អគ្គីសនី ជុលជុលម៉ាស៊ីនត្រជាក់ ដែលជាជំនាញកំពុងមានទីផ្សារការងារល្អ និងទទួលបានប្រាក់ខែសមរម្យ និងយុវជនដែលគ្មានការងារធ្វើ ឲ្យបានដឹងពីទីផ្សារងារការងារ តម្រូវការកម្លាំងពលកម្មរបស់ក្រុមហ៊ុនជាដើម។
លោកបន្ថែមថា សកម្មភាពសំខាន់ៗ ដែលមជ្ឈមណ្ឌលការងារខេត្ត បានអនុវត្តកន្លងមកមានដូចជា ចុះឈ្មោះអ្នកស្វែងរកការងារធ្វើ បានចំនួនជាង១ម៉ឹននាក់, ផ្គូរផ្គងអ្នកស្វែងរកាងារធ្វើទៅឲ្យនិយោជក ចំនួនប្រមាណ៩ពាន់នាក់ អ្នកទទួលបានការងារធ្វើចំនួនជាង២ពាន់នាក់, រៀបចំសិក្ខាសាលាស្ដីពីការណែនាំ អាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត, រៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សវិទ្យាល័យ, ទំនាក់ទំនង និងទទួលជួបជាមួយនិយោជក ក្រុមហ៊ុន សហគ្រាស, ផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិក, ផ្សព្វផ្សាយព័ត៌មានអប់រំបណ្តុះបណ្តាល និងអាហារូបករណ៍, រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន, រៀបចំវេទិកាការងារ និងរៀបចំពិព័រណ៍ចល័តជាដើម។
ជាមួយគ្នានេះ លោក ព្រាប រ៉ាវន់ នាយករងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ក៏បានសំណូមពរដល់ប្អូនៗនិស្សិតគួរស្វែងរកការងារធ្វើ តាមរយៈការងារស្ម័គ្រចិត្ត ឬការងារពេញម៉ោងក្នុងអំឡុងពេលសិក្សា ការពង្រឹងជំនាញផ្សេងៗ ជាពិសេសមូលដ្ឋានគ្រឹះកុំព្យូទ័រ ភាសាបរទេស ដើម្បីទទួលបាននូវបទពិសោធន៍ ក៏ដូចជាពង្រឹងនូវជំនាញរបស់ខ្លួន ក្នុងការឈានទៅរកការងារល្អប្រាក់បៀវត្សន៍ខ្ពស់ទៅថ្ងៃអនាគត។
សូមជម្រាបថា មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) គឺជាស្ថាប័នរដ្ឋដែលបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការផ្តល់សេវាព័ត៌មានទីផ្សារ ការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីផ្តល់ឱកាសឱ្យអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការ អប់រំបណ្តុះបណ្តាលមានលទ្ធភាពទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក។
ជាក់ស្តែងក្នុងដំណើរប្រតិបត្តិការជួយស្វែងរកការងារធ្វើ ដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឆមាសទី១ ឆ្នាំ២០១៨ NEA បានជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរ បានប្រមាណ៣,២៥១នាក់ ចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានប្រមាណ ៧,៥៩០នាក់ និងរៀបចំវេទិកាការងារបានចំនួន៤៤ដង៕