(ភ្នំពេញ)៖ មន្រ្តីក្រសួងកសិកម្មប្រើរថយន្តស្លាកលេខ «រដ្ឋ17 2-0979» កំពុងរងការរិះគន់យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម Facebook ក៏ដូចជាប្រជាពលរដ្ឋដែលរងការបំពានពីមន្រ្តីនៅក្រសួងកសិកម្មរូបនេះថា យកអំណាចជាមន្ត្រីបំពានច្បាប់នៃការបើកបរ។
យោងតាមប្រជាពលរដ្ឋដែលមានគណនី Facebook ឈ្មោះ «Ngy Borath» បានសរសេរៀបរាប់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ នៅពេលខ្លួនធ្វើដំណើរនៅលើស្ពានព្រែកឆ្លូង ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះសល់តែប្រហែលជា ៥ម៉ែត្រទៀតផុតទៅហើយនោះ ស្រាប់តែមានរថយន្តរបស់មន្រ្តីក្រសួងកសិកម្មពាក់ស្លាកលេខ «រដ្ឋ17 2-0979» បានបើកចុះលើស្ពាននេះដែរ ហើយដោយសារស្ពានមានសភាពតូចមិនអាចចៀសគ្នារួចនោះមន្រ្តីប្រើប្រាស់រថយន្តនេះ ក៏បានបញ្ជាឲ្យខ្លួនបើកថយក្រោយវិញ បោះទោះបីខ្លួនបើកជិតផុតស្ពានទៅហើយនោះ។
បើតាមច្បាប់ចរាចរណ៍ផ្លូវគោករបស់ប្រទេសកម្ពុជា ក្នុងស្ថានភាពស្ពានចង្អៀតបែបនេះ គឺច្បាស់ណាស់មន្រ្តីក្រសួងកសិកម្មត្រូវតែបើករថយន្តថយក្រោយ ផ្តល់អាទិភាពឲ្យម្ចាស់រថយន្តហាយឡែនឌ័រឆ្លងស្ពាន។ តែផ្ទុយទៅវិញមន្រ្តីក្រសួងកសិកម្មរូបនេះ មិនព្រមបើកថយនោះទេ ដោយគេបានអះអាងថា នៅពីក្រោយរថយន្តរបស់គាត់មានរថយន្តអង្គរក្សច្រើនពិបាកថយ។ នេះបើតាមការបញ្ជាក់បន្ថែមពីម្ចាស់គណនី Facebook ដដែលនេះ។
គណនី Facebook ឈ្មោះ «Ngy Borath» បានបញ្ជាក់យ៉ាងដូច្នេះ «ថ្ងៃនេះជួបផ្ទាល់ហើយនៅលើស្ពានព្រែកឆ្លូង ឡានខ្ញុំឆ្លងស្ពានជិតផុតហើយ នៅសល់ប្រហែល៥ម៉ែត្រប៉ុណ្ណោះ ស្រាប់តែមានឡានពាក់ស្លាកលេខរដ្ឋបើកមកពាំងពីមុខមិនព្រមថយសោះ គេថាឡានអង្គរក្សគេមកពីក្រោយច្រើនណាស់ឲ្យឡាននៅពីមុខប៉ុន្មានថយទៅក្រោយទាំងអស់ គេមិនថយទេ សូមសួរបងប្អូនទាំងអស់ថា នេះឬទម្លាប់អ្នកធំល្ងីល្ងើមួយចំនួននៅស្រុកខ្មែរនោះ»។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ម្ចាស់គណនី Facebook ខាងលើនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបញ្ជាក់នូវមូលហេតុពីភាគីរបស់មន្ត្រីក្រសួងកសិកម្មខាងលើនេះបាននៅឡើយទេ។
តាមច្បាប់នៃការបើកបរនៅលើស្ពានចង្អៀតមិនអាចចៀសគ្នាបានដូច្នេះអាទិភាពឆ្លងស្ពានត្រូវផ្តល់ទៅភាគីអ្នកដែលបានចុះលើស្ពានបានមុន។ បើដូចអ្វីដែលម្ចាស់គណនី Facebook ខាងលើបានលើកឡើងមែននោះ ម្ចាស់រថយន្តដែលគេដឹងថាជាមន្រ្តីបម្រើការនៅក្រសួងកសិកម្មនេះ គឺពិតជាបានប្រព្រឹត្តទង្វើដ៏ខុសឆ្គងនៅក្នុងការបើកបររបស់ខ្លួន។
ទង្វើដ៏ខុសឆ្គងនៃការបើកបរនេះ ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម Facebook នាំគ្នាផ្ទុះប្រតិកម្ម និងបានរិះគន់យ៉ាងខ្លាំងផងដែរ។ មតិភាគច្រើនបានរិះគន់ថា ឥរិយាបថបែបនេះមិនគួរមានចំពោះមន្រ្តីនោះឡើយ ហើយវាជានិមិត្តរូបមិនល្អសម្រាប់កេរ្តិ៍ឈ្មោះរបស់មន្រ្តីថែមទៀតផង៕